បើមានសត្វល្អិតចូលត្រចៀកកូន ម៉ាក់ប៉ាគួរធ្វើបែបនេះ!

ពេល​ទារក​យំ​ស្រែក រឿង​ដំបូង​ដែល​ប៉ា​ម៉ាក់​ពិនិត្យ​រក​មើល​មុន​គេ គឺ​ត្រចៀក ព្រោះ​ខ្លាច​មាន​សត្វ​ល្អិត​អ្វី​ចូល។ ដូចនេះ​បើ​ពិ​​និត្យឃើញ​មាន​សត្វ​ចូល​ត្រចៀក​ពិតមែន​ គួរតែ​ធ្វើ​ដូច​ការ​ណែនាំ​ខាងក្រោម។លោក​វេជ្ជបណ្ឌិត ហម សីលា ឯកទេស​ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​ឲ្យ​ដំបូន្មាន​ថា គួរតែ​រក​វិធី​យក​ចេញ​ភ្លាម​ៗ​ទាំង​ដោយ​ខ្លួនឯង ឬ​ទៅ​ជួប​គ្រូ​ពេទ្យ។ លោក​បន្ត​ទៀត​ថា ប្រសិនបើ​មាន​សត្វ​ចូល​ត្រចៀក​កូន​តូច គួរតែ​នាំ​កូន​ទៅ​មន្ទីរពេទ្យ ដើម្បី​ឲ្យ​គ្រូពេទ្យ​យក​វា​ចេញ​តាម​បែប​បច្ចេកទេស។ប៉ុន្តែ​បើ​មិន​នាំ​កូន​មក​ពេទ្យ​ទេ អ្នក​អាច​យក​សឺរ៉ាំង​បូម​សេរ៉ូម​ប្រៃ​ឲ្យ​ពេញ ហើយ​បាញ់​ចូល​ទៅ​ក្នុង​ត្រចៀក​ខាង​មាន​សត្វ​ល្អិត​ចូល នោះ​សត្វ​ល្អិត​នឹង​ផុស​ចេញ​មកក្រៅ ហើយ​ចាំផ្អៀង​ឲ្យ​ទឹក​ហូរ​ចេញ​។ មួយ​វិញ​ទៀត​ប្រសិនបើ​គ្មាន​សេរ៉ូម​ប្រៃ​ទេ យើង​អាច​ប្រើ​ទឹក​ស្អាត ដាក់​ចូល​ក្នុង​ត្រចៀក ដើម្បី​ឲ្យ​សត្វ​ផុស​ឡើង​មក​ក៏​បាន។សម្រាប់​ពេទ្យ​វិញ មាន​វិធី ២ ដើម្បី​យក​សត្វ​ចេញ​ពី​ក្នុង​ត្រចៀក ទី​១ គឺ​ប្រើ​ឧបករណ៍​បាញ់​ឲ្យ​សត្វ​នោះ​ចេញ​មក​ក្រៅ ហើយ​ទី​២ វិញ​គឺ​ប្រើ​ឧបករណ៍​បូម​យក​មក​តែម្ដង។ វិធី​ទាំងនេះ​ប្រើ​ចំពោះ​កូន​ក្មេង និង​មនុស្ស​ធំ​បាន​ដូចគ្នា​។វិធី​ចាក់​ទឹក​ក្នុង​ត្រចៀក មិន​ត្រឹម​តែ​អាច​យក​សត្វ​ល្អិត​ដែល​ចូល​ទៅ​សំងំ​ខាំ​ខាង​ក្នុង​នោះ​បាន​ទេ ចំពោះ​អ្នក​មាន​បញ្ហា​ទឹក​ចូល​ត្រចៀក​វិញ ក៏​អាច​ប្រើ​វិធី​នេះ​បាន​ដូចគ្នា ហើយ​មាន​ប្រសិទ្ធភាព​ទៀត​ផង។ រឿង​ត្រូវ​ដឹង ពេល​មាន​សត្វ​ចូល​ត្រចៀក មិន​គួរ​រក​អ្វី​មក​ត្បារ​ឡើយ ព្រោះ​វា​កាន់តែ​ធ្វើឲ្យ​សត្វ​នោះ​កាន់តែ​ធ្លាក់​ចូល​កាន់តែ​ជ្រៅ សត្វ​ខាំ ឬ​សត្វ​នោះ​ដាច់ដោច បាក់​ដៃជើង ចូល​ក្នុងត្រចៀក នាំ​ឲ្យ​នៅ​ឈឺត្រចៀក ពេល​ខ្លះ​ទៅ​ជា​ដំបៅ​ត្រចៀក។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet