ពិតជាកម្រមាន! ទារិកានៅថៃម្នាក់កើតមក មានម្រាមដៃ១២ ម្រាមជើង១២... នាំគ្នាកាត់ចាក់ឆ្នោតទៀត!

ថៃ៖ អាចចាត់ទុកបានថា ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីទារិកាម្នាក់ បានកើតមកមានម្រាមដៃសរុប១២ និងម្រាមជើងសរុប១២ ដែលកម្រនឹងមានមនុស្ស ឬទារកណាកើតមកមានសភាពបែបនេះ។ស្រ្តីជាម្តាយត្រូវបានគេស្គាល់ឈ្មោះថា នាង Sunisa មានអាយុ ២៣ឆ្នាំ បានឈឺពោះឆ្លងទន្លេ កាលពីថ្ងៃអាទិត្យ ទី៤ សីហា ឆ្នាំ២០១៩ កន្លងទៅនេះ ក្នុងខេត្ត Chon Buri ប្រទេសថៃ។ បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នៅក្នុងថ្ងៃនោះ នាង Sunisa បានឈឺពោះឆ្លងទន្លេតាមផ្លូវ លើរថយន្តដឹកទំនិញតូចៗ (ឬរថយន្ត Pickup) ខណៈពេលកំពុងតែធ្វើដំណើរផ្លូវមកកាន់មន្ទីរពេទ្យ។
ប៉ុន្តែមិនថាយ៉ាងណា ភ្លាមៗក្រោយខាងមន្ទីរពេទ្យ Ban Bueng Hospital ទទួលបានដំណឹងរាយការណ៍ថា មានស្រ្តីឈឺពោះឆ្លងទន្លេបែបនេះ ពួកគេក៏បានចេញរថយន្តសង្គ្រោះបន្ទាន់ ដើម្បីទៅកាន់ទីតាំងដែលរថយន្តនោះឈប់ ត្រង់ចំណុចផ្លូវលេខ ៣៣៤ Ban Bueng ទល់មុខនឹងសាលា Princess Chulabhorn Science School ។ក្រោយមក នាង Sunisa ត្រូវបានបញ្ជូនចូលបន្ទប់សម្រាល ខណៈរយៈពេល២០នាទីក្រោយមក នាងក៏បានសម្រាលបានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ តាមបែបធម្មជាតិ និងជាពិសេសនោះ គ្រូពេទ្យបានអះអាងថា នៅពេលនោះកូនស្រីរបស់នាង Sunisa ថែមទាំងបានបន្លឺសំឡេងថា «Hello» មកកាន់ក្រុមគ្រូពេទ្យដែលជួយសម្រាល និងម្តាយរបស់នាងផងដែរ បន្ទាប់ពីនាងតូចសម្រាលចេញមកផុតពីផ្ទៃម្តាយ ដែលនេះពិតជារឿងដ៏នឹកស្មានមិនដល់។លើសពីនេះ អ្វីដែលធ្វើឲ្យក្រុមគ្រូពេទ្យកាន់តែភ្ញាក់ផ្អើលខ្លាំងទៀតនោះ គឺពួកគេរកឃើញថា កូនស្រីរបស់នាង Sunisa មានម្រាមដៃម្រាមជើងលើសគ្នាមួយៗ ពោលគឺ ដៃទាំងពីររបស់នាងមានម្រាមចំនួន៦ ដែលសរុបទាំងអស់មានចំនួន១២ រីឯម្រាមជើងទាំងពីររបស់នាងវិញ ក៏មានម្រាមចំនួន៦ ដែលសរុបទាំងអស់មានចំនួន១២ដូចគ្នាផងដែរ។ ក្រុមគ្រូពេទ្យ និងគ្រប់គ្នាដែលបានឃើញហេតុការណ៍មួយនេះ បានគិតថា នេះគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍បំផុត ព្រោះតែមិនធ្លាប់បានជួបប្រទះពីមុនមក។
ជាមួយគ្នានេះ ដោយសារតែប្រជាជនថៃក៏មានជំនឿទៅលើរឿងហុងស៊ុយ ដូចជាការចាប់លេខផ្សងសំណាងនោះ ពួកគេក៏បានកាត់ចាក់ឆ្នោតជុំវិញរឿងរ៉ាវរបស់នាង Sunisa ដែលសម្រាលបានកូនស្រីមានម្រាមដៃជើងខុសគេនេះផងដែរ។ លេខហុងស៊ុយដែលពួកគេគ្រោងចង់កាត់ចាក់ឆ្នោតនោះ គឺលេខ ២៤ ដែលជាការបូកសរុបម្រាមដៃជើងរបស់នាងតូចទាំងអស់ (៦ + ៦ + ៦ + ៦ = ២៤) ។ សម្រាប់លេខហុងស៊ុយស្លាកលេខវិញ (ម៉ូតូ ឡាន ឬ License plate number) គឺកាត់យកលេខ ២២៨៩ ។គួរឲ្យដឹងផងដែរថា ជុំវិញរឿងខាងលើនេះ នេះគឺជាកូនទី៣ហើយ របស់នាង Sunisa ។ ហើយវាក៏មិនមែនជារឿងអ្វីដែលគួរឲ្យចម្លែក ឬភ្ញាក់ផ្អើលខ្លាំងដល់គ្រួសាររបស់នាង Sunisa នោះឡើយ។ ព្រោះជាក់ស្ដែង នាង (Sunisa) និងម្តាយរបស់នាង ក៏មានម្រាមដៃម្នាក់៦ដូចគ្នាផងដែរ។ ***ករណីបែបនេះ ត្រូវបានគេប៉ាន់ប្រមាណបានថា អាចកើតមាន១ម្នាក់ ក្នុងចំណោម ១,០០០នាក់៕ តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ៕