គង់​​​​ ចាន់រដ្ឋា ទទួល​បាន​កាដូ​ចិញ្ចៀន​ពេជ្រ ពី​គូ​ស្នេហ៍​ខ្ទង់​ម៉ឺន​ដុល្លារ

(ភ្នំពេញ)៖ ទំនាក់ទំនងស្នេហា រវាងតារាចម្រៀងប្រុសស្រី លោក ស៊ិន សុភា ជាមួយនឹងកញ្ញា គង់ ចាន់រដ្ឋា ហាក់គ្មានអ្វីលាក់បាំងទៀតទេ បន្ទាប់ពីអ្នកទាំងពីរ បានមើលចិត្តថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំ និងបានបង្ហាញដល់ទស្សនិកជនដឹងឮជាសាធារណៈរួចមក។ យ៉ាងណាមិញ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ លើគូស្នេហ៍តារាចម្រៀងមួយគូនេះ គឺលោក ស៊ិន សុភា បានបង្ហាញពីក្តីស្រឡាញ់យ៉ាងស្មោះស្ម័គ្រ អស់ពីបេះដូង ចំណាយលុយជាង៣ម៉ឺនដុល្លារទិញចិញ្ចៀនពេជ្រឲ្យកញ្ញា គង់ ចាន់រដ្ឋា ធ្វើឲ្យអ្នកគាំទ្រច្រណែនស្ទើរគ្រប់ៗគ្នា។ពិតណាស់ បើតាមការឲ្យដឹងពីតារាចម្រៀងស្រីទឹកមុខមានមន្តស្នេហ៍ កញ្ញា គង់ ចាន់រដ្ឋា បានបង្ហើបថា បច្ចុប្បន្ននេះទំនាក់ទំនងរវាងនាង ជាមួយលោក ស៊ិន សុភា គឺឈានដល់គូដណ្តឹងហើយ តែមិនទាន់កំណត់ថា យកថ្ងៃណា ដើម្បីរៀបមង្គលការឡើយ។ ដោយហេតុថាម្នាក់ៗ គឺកំពុងមានការមមាញឹករៀងៗខ្លួន។ ដោយឡែកងាកមកកាដូ ដ៏មានអត្ថន័យជាចិញ្ចៀនពេជ្រតម្លៃ៣ម៉ឺនដុល្លារនេះវិញ មហាជនសង្កេតឃើញថា គង់ ចាន់រដ្ឋា ហាក់ញញឹមបិទមាត់មិនជិតឡើយ ពេលគូស្នេហ៍ជូនកាដូដ៏មានតម្លៃនេះ។ងាកមក លោក ស៊ិន សុភា ក៏បានឲ្យដឹងតាមរយៈបណ្តាញសង្គមដែរថា សម្រាប់ចិញ្ចៀនពេជ្រដ៏មាន តម្លៃនេះផងដែរ លោកខំសន្សំលុយជាយូរមកហើយ ដើម្បីទុកទិញសម្រាប់មនុស្សពិសេសរបស់ខ្លួនគឺ កញ្ញា គង់ ចាន់រដ្ឋា។យ៉ាងណាមិញ ជាមួយនឹងការជូនកាដូដ៏មានតម្លៃ ទៅគូដណ្តឹងពីសំណាក់លោក ស៊ិន សុភា ពេលនេះ គឺត្រូវបានទស្សនិកជនភាគច្រើនដាក់ការសង្ស័យថា ទំនងជាអ្នកទាំងពីរជិតដល់ ថ្ងៃចូលរោងការហើយ។ ទន្ទឹមគ្នានោះ ក៏មានការជូនពរដល់គូស្នេហ៍ទាំងពីរ ឲ្យស្រឡាញ់គ្នារហូតប្រកបដោយសុភមង្គលផងដែរ៕
ប្រភព៖ Freshnews