មិនល្អទេ កូនកើតចាស់ខែពេក នឹងប្រឈមបញ្ហាទាំងនេះ!

កូន​កើត​ចាស់​ខែ​ពេក ដោយ​​កើត​នៅ​អំឡុង​លើស​ពី ៤១ សប្តាហ៍​ឡើង​ទៅ មិន​ល្អ​នោះ​ទេ។ កូន​ចាស់​ខែ កើត​មក​អាច​មាន​បញ្ហា​ស្បែក​ស្ងួត ជ្រួញ ស្តើង ក្រចក​វែងៗ សក់​ដុះ​ក្រាស់ និង​មាន​ខ្លាញ់​តិច​លើ​រាងកាយ។ អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​នោះ កូន​កើត​ចាស់​ខែ​អាច​​មាន​បញ្ហា​កង្វះ​អាហា​រូបត្ថម្ភ និង​មាន​ស្រទាប់​ខ្លាញ់​ក្រោម​ស្បែក​ស្តើង។គ្រូពេទ្យ​តម្រូវ​ឲ្យ​ម៉ាក់ៗ​ទុក​កូន​ក្នុង​ពោះ​យ៉ាង​យូរ​បំផុត​ត្រឹម ៤១ សប្តាហ៍ ៣ ថ្ងៃ​ប៉ុណ្ណោះ ទោះ​ជា​មិន​ឈឺ​ពោះ ឬ​បែក​ទឹក​ភ្លោះ​ក៏​ដោយ។ នេះ​បើ​តាម​បញ្ជាក់​របស់​លោកស្រី​ អួង លីដា នាយ​សាល​នៅ​ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក។ចំពោះ​មូលហេតុ​ដែល​គ្រូពេទ្យ​តម្រូវ​ឲ្យ​ពពោះ​យ៉ាង​យូរ​ត្រឹម ៤១​ សប្តាហ៍​ ៣ ថ្ងៃនោះ ដោយសារកូន​ចាស់​ខែពេកអាច​គ្រោះ​ថ្នាក់​ទាំង​ម្តាយ​ទាំង​កូន។ ចាស់​​ខែ​កូន​កាន់​តែ​ធំ ឯ​ទឹកភ្លោះ​ក៏​រីង ធ្វើ​ឲ្យ​កូន​ពិបាក​ធ្វើ​ចលនា និង​ដក​ដង្ហើម ចំណែក​ការ​បញ្ជូន​អុកស៊ីសែន​ពី​ម្តាយ​ទៅ​កូន​កាន់​តែ​តិច កូន​ខ្សោយ កូន​ជុះ​អាចម៍ព្រៃ​ក្នុង​ពោះ ​ដែល​ធ្វើ​ឲ្យ​ឆ្លង​រោគ និង​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម​ជា​ដើម។កូន​កើត​ចាស់​ខែ​នឹង​ប្រឈម​បញ្ហា​ទាំង​នេះ៖– ចង្វាក់​បេះដូង​មិន​ប្រក្រតី
– ឆ្លងមេរោគតាមទឹកភ្លោះ
– ប្រកាច់
– ខ្សោយបញ្ញា
– មាន​ជំងឺ​ឆ្កួត​ជ្រូក​តាំង​ពី​ក្មេង
– ក្បាល​ធំ
– អាច​បាក់​ឆ្អឹង
– អាច​ស្លាប់​ក្នុង​ពោះ។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet