អ្នកបង្ហាត់ស្រីម្នាក់ បានរងការចោទប្រកាន់ និងរិះគន់យ៉ាងចាស់ដៃ ក្រោយជិះលើខ្នងសត្វត្រីដូហ្វីន..... (មានវីដេអូ)

អារ៉ាប់រួម៖ នារីជាអ្នកបង្ហាត់សត្វត្រីដូហ្វីនម្នាក់ នៅឯមណ្ឌលកម្សាន្ត Dubai Dolphinarium ក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ត្រូវបានរងការចោទប្រកាន់ និងរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជនជាច្រើន ជុំវិញនឹងសកម្មភាពមិនគួរគប្បីអង្គុយពីលើខ្នងត្រីដូហ្វីន ទាំងដែលសកម្មភាពនេះ អាចនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរទៅលើវា។
អ្នកបង្ហាត់ជិះលើខ្នងត្រីដូហ្វីន
ជាក់ស្ដែង ផ្អែកតាមរយៈវីដេអូឃ្លីប ដែលត្រូវបានបង្ហោះចែកចាយលើបណ្តាញសង្គមកាលពីថ្មីៗនេះ បានបង្ហាញឲ្យឃើញ ពីសកម្មភាពរបស់នារីដែលជាអ្នកបង្ហាត់ត្រីដូហ្វីន មិនត្រូវបានគេបង្ហាញអត្តសញ្ញាណម្នាក់ បានអង្គុយជិះពីលើខ្នងរបស់វា នៅក្បែរមាត់អាងទឹកក្នុងមណ្ឌល អស់រយៈពេលប្រមាណជា ៦វិនាទី មុនពេលត្រីដូហ្វីនរអិលខ្លួនហែលចូលទៅក្នុងអាងទឹកវិញ។   ជុំវិញនឹងសកម្មភាពមួយនេះ អ្នកជំនាញបាននិយាយថា វាងាយនឹងធ្វើឲ្យខូចដល់សរីរាង្គរបស់ត្រីដូហ្វីនបាន។ ពីព្រោះថាថនិកសត្វប្រភេទនេះ មិនអាចទ្រទ្រង់ទម្ងន់ខ្លួនឯងនៅខាងក្រៅទឹកបាននោះទេ។ ម្យ៉ាងបើទម្ងន់របស់មនុស្សដែលទៅជិះ ឬទៅអង្គុយលើវាបែបនេះទៀតនោះ វាគឺពិតជាងាយរងនូវហានិភ័យ ឬបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតរបស់ពួកវាបានថែមទៀតផង។
អ្នកបង្ហាត់ជិះលើខ្នងត្រីដូហ្វីន
បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា វីដេអូឃ្លីបនេះ ថតដោយនារីម្នាក់ទៀតដែលជាអ្នកបង្ហាត់សត្វត្រីដូហ្វីនដូចគ្នា នៅមណ្ឌលកម្សាន្តខាងលើនេះ។ ក្រោយវីដេអូឃ្លីបមួយនេះ បានបង្ហោះចែកចាយដោយទទួលរងនូវពាក្យរិះគន់ជាច្រើននោះ ពួកគេក៏បានលុបវីដេអូឃ្លីបដើម ចេញពីគណនីអ៊ីនស្តាក្រាមរបស់ពួកគេផងដែរ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី អ្នកគ្រប់គ្រងនៅមណ្ឌលកម្សាន្ត ក៏កំពុងតែធ្វើការស៊ើបអង្កេតជុំវិញនឹងករណីមួយនេះ ដោយពុំទាន់មានសេចក្តីថ្លែងការណ៍ណាមួយនៅឡើយនោះទេ។ ជាមួយគ្នានេះ វេជ្ជបណ្ឌិតម្នាក់ឈ្មោះ Elsayed Mohammad នាយកប្រចាំតំបន់នៃមូលនិធិអន្តរជាតិសម្រាប់សុខុមាលភាពសត្វ (Regional Director of the International Fund for Animal Welfare) ក៏បានថ្លែងប្រាប់សារព័ត៌មានដែរថា រាងកាយរបស់ត្រីដូហ្វីនពុំអាចសម្របខ្លួនទៅនឹងសម្ពាធខាងក្រៅទឹកបាននោះទេ។ ការសង្កត់ពោះត្រីដូហ្វីនទៅនឹងកំរាលឥដ្ឋ (អង្គុយពីលើវា) បែបនេះ វាគឺពិតជាងាយប្រឈមនឹងបញ្ហាដល់សរីរាង្គខាងក្នុងរបស់វាជាខ្លាំង។
អ្នកបង្ហាត់ជិះលើខ្នងត្រីដូហ្វីន
លោកវេជ្ជបណ្ឌិតបានបន្តថា៖យ៉ាងណាមិញ ជុំវិញនឹងករណីរំលោភបំពានទៅលើសត្វនេះ ត្រូវបានគេដឹងថា គឺស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែម។ គួរឲ្យដឹងផងដែរថា Dubai Dolphinarium គឺជាកន្លែងទេសចរណ៍ដ៏ទាក់ទាញ និងពេញនិយមមួយ ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរអាចចូលទស្សនា ការសម្ដែងរបស់សត្វត្រីដូហ្វីន និងការសម្ដែងសៀករបស់សត្វឆ្មាទឹកផងដែរ។ កម្មវិធីសម្ដែងដែលកំណត់ត្រឹមរយៈពេល ៤៥នាទីនេះ គឺមានដូចជា ការរាំ ច្រៀង សម្ដែងសៀក លេងបាល់ និងលោតផ្លោះចូលក្នុងកងរង្វង់របស់សត្វជាដើម៕តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?​ទស្សនាវីដេអូខាងក្រោម៖  
មណ្ឌលDubai Dolphinarium
មណ្ឌល Dubai Dolphinarium
មណ្ឌល Dubai Dolphinarium