គួរប្រុងប្រយ័ត្ន! ក្មេងស្រីជំទង់ម្នាក់បានស្លាប់ ដោយសារតែត្រូវចៃឆ្មាខាំ បណ្តាលឲ្យឆ្លងមេរោគក្នុងឈាម!

ថៃ៖ ក្មេងស្រីវ័យជំទង់ជនជាតិថៃម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងគួរឲ្យសង្វេគ ក្រោយត្រូវបានចៃឆ្មាខាំ បណ្តាលឲ្យកើតមានអាការមិនប្រក្រតី ឆ្លងមេរោគក្នុងឈាម។ ក្មេងស្រីវ័យជំទង់រងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះថា Sunisa មានអាយុ ១៦ឆ្នាំ រស់នៅក្នុងខេត្ត Phetchabun ប្រទេសថៃ។
នាង Sunisa និងរូបភាពតំណាង ចៃឆ្មា
បើតាមការឲ្យដឹងពីជីដូនរបស់ Sunisa បាននិយាយថា គ្រួសាររបស់នាងបានចិញ្ចឹមសត្វឆ្មាជាច្រើនក្បាលនៅក្នុងផ្ទះ។ មានថ្ងៃមួយ Sunisa ត្រូវបានចៃឆ្មាមួយខាំ ដែលចេញពីឆ្មាមួយក្បាលក្នុងចំណោមឆ្មាជាច្រើនក្បាលផ្សេងទៀត។ ក្រោយមក Sunisa ក៏ស្រាប់តែមានអាការគ្រុនក្តៅ រមាស់លើខ្លួន និងថែមទាំងចេញរោគសញ្ញាហើមពេញខ្លួន យ៉ាងគួរឲ្យព្រួយបារម្ភ និងភ័យខ្លាចតែម្តង។ ដំបូងឡើយ បន្ទាប់ពីមានអាការបែបនេះ Sunisa គ្រាន់តែលេបថ្នាំដើម្បីជួយសម្រួលស្ថានភាពជំងឺរបស់នាង និងបានទៅរៀនជាធម្មតាប៉ុណ្ណោះ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី លក្ខខណ្ឌនៃរោគសញ្ញាមួយនេះ មិនបានប្រសើរឡើងនោះទេ។ ហើយក្រោយមក គ្រួសាររបស់នាងក៏បាននាំនាងទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល។ជាលទ្ធផល ស្ថានភាពជំងឺរបស់នាងនៅតែមិនថមថយឡើយ ហើយគ្រួសាររបស់នាងក៏បានសម្រេចចិត្តនាំគ្នាទៅកាន់មន្ទីរពេទ្យធំជាបន្ត ដើម្បីទទួលការព្យាបាលទៀត។ ប៉ុន្តែជាអកុសល អ្វីៗហាក់យឺតពេល ព្រោះទីបំផុត Sunisa ក៏បានស្លាប់បាត់បង់ជីវិត កាលពីព្រឹកថ្ងៃច័ន្ទ កន្លងទៅនេះតែម្តង។ ជីដូនរបស់ Sunisa បានឲ្យដឹងទៀតថា ចំពោះមូលហេតុដែលគ្រួសារនាង ចិញ្ចឹមសត្វឆ្មាជាច្រើនក្បាលនៅក្នុងផ្ទះបែបនេះ ក៏ដោយសារតែបច្ចុប្បន្ន មានមនុស្សជាច្រើនបានយកពួកវាទៅបោះបង់ចោលនៅតាមដងផ្លូវ ហើយដោយទឹកចិត្តអាណិតស្រលាញ់ ទើបគ្រួសារ Sunisa បានយកពួកវាមកចិញ្ចឹម។ សត្វឆ្មាដែលគ្រួសារ Sunisa ចិញ្ចឹម សរុបទាំងអស់មានចំនួនដល់ទៅ៧ក្បាលឯណោះ។  
រូបភាពតំណាង
យ៉ាងណាមិញ បន្ទាប់ពីកើតមានរឿងរ៉ាវដ៏សោកសៅបែបនេះ ឥឡូវនេះគ្រួសាររបស់ Sunisa ក៏បានសម្រេចចិត្តយកសត្វឆ្មាទាំងនោះ ទៅបោះបង់ចោលវិញផងដែរ។គួរឲ្យដឹងផងដែរថា សត្វចៃប្រភេទនេះ ភាគច្រើនកើតមាននៅលើសត្វឆ្កែ និងឆ្មា ឬគេតែងហៅថា «ចៃឆ្កែ» ។ ភាគច្រើននៃចៃឆ្កែ ឬចៃឆ្មាទាំងនោះ ខាំមកលើមនុស្ស វានឹងធ្វើឲ្យយើងចេញនូវរោគសញ្ញាអាលែកហ្ស៊ីលើស្បែក ឬករណីធ្ងន់ធ្ងរឆ្លងមេរោគទៅក្នុងឈាមនោះ វាក៏អាចសម្លាប់មនុស្សបានផងដែរ។ ជាក់ស្ដែង ដូចជាករណីរបស់ក្មេងស្រីវ័យជំទង់ Sunisa នេះផ្ទាល់តែម្តង។ ដូច្នេះដើម្បីជាការប្រុងប្រយ័ត្ន អ្នកគួរតែនៅឲ្យឆ្ងាយពីពពួកសត្វចិញ្ចឹមទាំងពីរប្រភេទនេះ ឆ្កែ និង ឆ្មា។ ប៉ុន្តែបើអ្នកជាមនុស្សដែលស្រលាញ់ចូលចិត្តពួកវា ក៏គួរតែចេះមើលថែ ងូតទឹកលាងសម្អាតពួកវាឲ្យបានត្រឹមត្រូវ ចៀសវាងការកើតចៃខាំឆ្លងមេរោគ ក្នុងករណីណាមួយដែលយើងមិនអាចមើលឃើញ៕តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?