បំបែកកំណត់ត្រាមួយទៀតហើយ!! Man City ទិញបាន Cancelo ពី Juventus ក្នុងតម្លៃខ្លួន…..!

  • ព្រហស្បតិ៍ ០៨ សីហា, ២០១៩ ០៩:៥០
អង់គ្លេស៖ ក្លិបមេឃខៀវ Manchester City បានចុះកិច្ចសន្យានាំយកជាផ្លូវការនូវខ្សែការពារស្ដាំ Joao Cancelo ពីសេះបង្កង់ Juventus ដោយយល់ព្រមលក់ខ្សែការពាររបស់ខ្លួន កីឡាករ Danilo ទៅឲ្យ Juventus វិញ។ Cancelo បានចុះកិច្ចសន្យារយៈពេល ៦ឆ្នាំនៅកីឡដ្ឋាន Etihad ជាមួយ Manchester City អមដោយតម្លៃខ្លួន ៦០លានផោន។ ខណៈតម្លៃខ្លួនរបស់ Danilo ក្នុងការផ្លាស់ទៅ Juventus វិញគឺ ៣៤លានផោន។ ចំពោះតម្លៃខ្លួន ៦០លានផោន នេះបានធ្វើឲ្យ Manchester City បំបែកកំណត់ត្រា ហើយ Cancelo ក៏បានក្លាយខ្លួនជាខ្សែការពារស្ដាំ ដែលមានតម្លៃខ្លួនថ្លៃបំផុតនៅលើលោក។
Cancelo ចូលរួមជាមួយ Man City
Danilo ទៅចូលរួមជាមួយ Juventus
ខ្សែការពារស្ដាំដែលជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ឈ្នះពាន UEFA Nations League កីឡាករ Joao Cancelo ត្រូវបាន Juventus ទិញពី Valencia កាលពីរដូវក្ដៅរដូវកាលមុន ក្រោយរូបគេបង្ហាញទម្រង់លេងបានយ៉ាងល្អជាមួយ Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើង។ ចំណែកឯខ្សែការពារស្លាបសញ្ជាតិប្រេស៊ីល Danilo វិញបានមកចូលរួមជាមួយម្ចាស់ជើងឯក Premier League រដូវកាលមុន កាលពីឆ្នាំ ២០១៧ ក្រោយផ្លាស់មកពីក្លិបយក្សអេស្ប៉ាញ Real Madrid។ ជុំវិញការផ្លាស់មក Man City នេះកីឡាករវ័យ ២៥ឆ្នាំ Cancelo បានឲ្យដឹងថា មិត្តរួមក្រុមជម្រើសជាតិព័រទុយហ្គាល់ Bernardo Silva គឺជាកត្តាចម្បងដែលជំរុញគេឲ្យផ្ទេរមកក្លិបមួយនេះ៕
Cancelo (កណ្ដាល) និង Bernardo Silva (ស្ដាំ) ក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់
ប្រភព៖ Sky Sports