គ្រូពេទ្យវះកាត់រកឃើញច្រាសដុសធ្មេញនៅក្នុងពោះបុរសម្នាក់ ដែលព្យាយាមសម្លាប់ខ្លួនដោយលេបវាចូល កាលពី២០ឆ្នាំមុន

  • ព្រហស្បតិ៍ ០៨ សីហា, ២០១៩ ១៥:១៨
ចិន៖ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ គ្រូពេទ្យបានវះកាត់រកឃើញច្រាសដុសធ្មេញ ប្រវែង១៤សង់ទីម៉េត្រនៅក្នុងពោះបុរសម្នាក់ ដែលគាត់បានលេបចូលកាលពី២០ឆ្នាំមុន។ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Guangdong ប្រទេសចិន។ប្រភពបានឲ្យដឹងថា បុរសនោះមាននាមត្រកូល លី អាយុ៥១ឆ្នាំ។ បន្ទាប់ពីបញ្ជូនចូលបន្ទប់ស្កេនរាងកាយ លោកលីធ្វើឲ្យគ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានឃើញច្រាសដុសធ្មេញប្រវែង១៤សង់ទីម៉ែត្រនៅក្នុងពោះរបស់គាត់។
គ្រូពេទ្យកំពុងវះកាត់
លោកលី បានប្រាប់ឲ្យដឹងថា គាត់ធ្លាប់បានលេបច្រាសដុសធ្មេញចូលទៅក្នុងពោះ គោលបំណងចង់សម្លាប់ខ្លួន នៅពេលដែលគាត់ជាប់នៅក្នុងពន្ធនាគារកាលពី២០ឆ្នាំមុន ប៉ុន្ដែមិនបានសម្រេច។ ជាច្រើនឆ្នាំមកនេះ ច្រាសដុសធ្មេញនោះមិនបានធ្វើឲ្យគាត់មានអារម្មណ៍ឈឺចុកចាប់អ្វីទាំងអស់។ ប៉ុន្តែមួយ​រយៈក្រោយមកនេះ គាត់ចាប់ផ្ដើមឈឺក្នុងពោះ ទើបសម្រេចចិត្តទៅមន្ទីរពេទ្យពិនិត្យ។
រូបច្រាសដុសធ្មេញនៅក្នុងពោះ
ប្រភពបានបន្ដថា ក្រោយពីទទួលបានការវះកាត់ជោគជ័យមក លោកលី មានសុខភាពល្អ និងមិនមានអាការឈឺក្នុងពោះទៀតទេ។គួរឲ្យដឹងដែរថា ប្រសិនបើច្រាសដុសធ្មេញធ្លាក់ទាក់ជាប់នឹងថ្លើម អាចនឹងធ្វើឲ្យលោកលី ឆ្លងមេរោគយ៉ាងធ្ងន់ធ្ងរបាន៕
ច្រាសដុសធ្មេញប្រវែង១៤សង់ទីម៉ែត្រ