បុគ្គលិកជាច្រើននាក់ ត្រូវថៅកែចិនពិន័យឱ្យហូបកូនត្រីទាំងរស់ និងហុតឈាមមាន់ស្រស់ៗ (មានវីដេអូ)

  • ព្រហស្បតិ៍ ០៨ សីហា, ២០១៩ ១៤:៤៤
ចិន៖ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយពីវីដេអូនៃបុគ្គលិកសំណង់នៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ត្រូវបានថៅកែចិនពិន័យឱ្យពួកគេហូបកូនត្រីទាំងរស់ និងហុតឈាមមាន់ស្រស់ៗយកតែម្តង ព្រោះតែពួកគេខកខានមិនអាចបំពេញកូតាការងារបានពេញលេញ។យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីពេលថ្មីៗនេះ ក្នុងខេត្តគួយចូវ ដោយបង្ហាញឱ្យឃើញថា មានបុរសម្នាក់សង្ស័យត្រូវជាមេ បានពិន័យកូនចៅ ដោយហុចកូនត្រីឱ្យពួកគេហូបម្តងម្នាក់ៗ រួចក៏ឱ្យពួកគេហុតឈាមមាន់ស្រស់ៗថែមទៀត​ ព្រោះតែពួកគេមិនអាចបំពេញកូតាការងារបានពេញលេញ។
សកម្មភាពបុគ្គលិកត្រូវបង្ខំចិត្តហូបកូនត្រីទាំងរស់
ដំណឹងនេះបានលេចឮដល់ក្រុមសារព័ត៌មាន Beijing News រួចពួកគេក៏បានទាក់ទងទៅដល់ម្ចាស់ក្រុមហ៊ុនសំណង់មួយនេះ ប៉ុន្តែត្រូវបានខាងម្ចាស់ក្រុមហ៊ុនបដិសេធ ដោយលើកហេតុផលថា ទង្វើទាំងអស់នេះគឺគ្រាន់តែជាការបណ្តុះបណ្តាលពិសេសម្យ៉ាងតែប៉ុណ្ណោះ ហើយបុគ្គលិកទាំងអស់នោះគឺពួកគេស្ម័គ្រចិត្តចូលរួមនោះទេ។យ៉ាងណាមិញ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន សុទ្ធសឹងតែបញ្ចេញមតិថា ពួកគេមិនជឿលើហេតុផលបោកប្រាស់បែបនេះទេ ហើយក៏បានរិះគន់ចំៗថាទង្វើបែបនេះគឺជាការរំលោភសិទ្ធិមនុស្សសុទ្ធសាធយកតែម្តង។គួរឱ្យដឹងផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលមានករណីបែបនេះកើតឡើងនៅក្នុងស្រុកចិន។ ជាក់ស្តែងកាលពីមុន ក៏ធ្លាប់មានក្រុមហ៊ុនផ្សេងៗនៅក្នុងប្រទេសចិន បានដាក់ពិន័យបុគ្គលិក ក្រោមរូបភាពស្រដៀងគ្នាបែបនេះផងដែរ ក្នុងនោះ រួមមាន ការពិន័យឱ្យបុគ្គលិកផឹកទឹកបង្គន់ ហូបកន្លាតឈុតជង្គង់ដើរនៅទីសាធារណៈ និងក្រោមរូបភាពផ្សេងៗទៀតជាដើម៕ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖