មកស្គាល់ អាជីវករម្នាក់ រកប្រាក់ចំណូលបានជាង ១លានដុល្លារក្នុងមួយខែ ពីការលក់ផ្លែទុរេន

ម៉ាឡេស៊ី៖ ទុរេនជាផ្លែឈើដ៏ពេញនិយមបំផុតប្រចាំតំបន់អាស៊ី មិនថានៅស្រុកខ្មែរ ថៃ ចិន សិង្ហបុរី ឬម៉ាឡេស៊ីនោះទេ ប្រជាជនតែងតែចូលចិត្តហូបជាខ្លាំង។ព្រោះតែតម្រូវការច្រើន ក៏មានអាជីវករជាច្រើននាក់ បាននិងកំពុងតែចំណេញប្រាក់ពីការលក់ផ្លែទុរេនកប់ក្តោងផងដែរ។ជាក់ស្តែង មានអាជីវករម្នាក់ដែលអាចរកប្រាក់ចំណូលបានជាង ១លានដុល្លារក្នុងមួយខែពីការលក់ផ្លែទុរេន កំពុងតែល្បីពេញអ៊ីនធើណេត។យោងតាមប្រភពបានឱ្យដឹងថា លោក Chin Ken Soon ក្នុងមួយខែអាចរកចំណូលបានជាង ១,៩១លានដុល្លារ ដោយគ្រាន់តែលក់ផ្លែឈើជាច្រើន រួមមាន ផ្លែទុរេន ផ្លែ​ស្ពឺ ឪឡឹក ផ្លែ​ល្ហុង ទៅកាន់បណ្តាប្រទេសជាច្រើនលើលោក។
លោកChin Ken Soon
ដោយក្នុងនោះ ផ្លែឈើទាំងអស់សុទ្ធសឹងតែប្រមូលផលពីចម្ការផ្លែឈើ ១៩៧,៧ហិចតារបស់លោកក្នុងរដ្ឋ​ Pahang ប្រទេសម៉ាឡេស៊ី។តាមប្រភពបានឱ្យដឹងថា លោក Chin តែងតែនាំចេញផ្លែឈើជាង ១០០តោន ទៅកាន់បណ្តាប្រទេសជាច្រើន រួមមាន ប្រទេសចិន អារ៉ាប់ប៊ីសាអូឌីត និងបណ្តាប្រទេសអឺរ៉ុបជាដើម។រាល់ផ្លែឈើទាំងអស់របស់លោក មានតែផ្លែទុរេនមួយគត់ដែលលោកអាចរកប្រាក់ចំណេញបានច្រើនជាងគេ ក្នុងនោះលោកអាចរកបានជាង ៩៥០,០០០ដុល្លារក្នុងមួយខែ ពីការលក់ផ្លែទុរេន។
លោកChin Ken Soon (ខាងស្តាំ)
ក្រៅពីអាជីពនាំចេញផ្លែឈើលក់ទៅក្រៅប្រទេស លោក Chin ក៏មានគម្រោងបើក Mall លក់ផ្លែឈើ ១០ កន្លែងក្នុងប្រទេសម៉ាឡេស៊ីផងដែរ តួយ៉ាងកាលពីខែមុន លោកបានបើក Mall លក់ផ្លែឈើមួយរួចទៅហើយនៅរដ្ឋ Negeri Sembilan។រឿងរ៉ាវរបស់លោកបាននិងកំពុងតែធ្វើឱ្យមនុស្សម្នាមានការស្ងើចសរសើរជាខ្លាំង ហើយក៏មានមនុស្សមួយចំនួន ក៏បែកគំនិតរកស៊ីលក់ផ្លែទុរេនផងដែរ។គួររម្លឹកផងដែរថា កាលពីខែមិថុនាកន្លងទៅនេះ នៅក្នុងប្រទេសថៃ មានការដេញថ្លៃលក់ស្តេចផ្លែទុរេនមួយ ដោយក្នុងនោះគ្រាន់តែផ្លែទុរេនមួយប៉ុណ្ណោះ លក់បានជាង ៤៨,០០០ដុល្លារ៕តើប្រិយមិត្តយល់យ៉ាងណាដែរ?