ជំនន់ទឹកភ្លៀង កំពុងវាយប្រហារនៅស្រុកលំផាត់ ខេត្តរតនគិរី បណ្ដាលឲ្យលិចទូកបាត់ក្មេងស្រីម្នាក់, អាជ្ញាធរកំពុងស្វែងរកជនរងគ្រោះ

  • សុក្រ ០៩ សីហា, ២០១៩ ១៥:០៣
(រតនគិរី)៖ ខណៈជំនន់ទឹកភ្លៀង កំពុងតែវាយប្រហារយ៉ាងគំហុកនៅស្រុកលំផាត់ ខេត្តរតនគិរី បណ្ដាលឲ្យលិចផ្លូវក្នុងមូលដ្ឋានភូមិជ័យឧត្តម ឃុំជ័យឧត្តម ហើយប្រជាពលរដ្ឋបាននាំគ្នាយកទូក ដើម្បីដាក់ឆ្លងទៅវិញទៅមក ស្រាប់តែកំពុងឆ្លងនោះទឹកក៏ហូរកាន់តែខ្លាំង ធ្វើឲ្យលិចទូក និងបាត់ខ្លួនក្មេងស្រីម្នាក់។ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដែលបានចុះអន្ដរាគមន៍សង្គ្រោះពលរដ្ឋនៅខេត្ដរតនគិរី បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងវេលាថ្ងៃត្រង់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះថា ពិតជាមានករណីនេះកើតឡើងមែន ហើយក្មេងស្រីម្នាក់បាត់ខ្លួនហូរទៅតាមទឹក។បើតាមទេសរដ្ឋមន្ដ្រី គន់ គីម នៅពេលនេះកម្លាំងអាជ្ញាធរ និងប្រជាពលរដ្ឋកំពុងតែអន្ដរាគមន៍ ដើម្បីស្វែងរកក្មេងស្រីដែលបាត់ខ្លួនខាងលើ។ លោកបានថ្លែងយ៉ាងដូច្នេះថា «ពិតជាមានក្មេងស្លាប់ម្នាក់មែន ដោយសារគាត់ធ្វេសប្រហែសពីការឆ្លងស្ពាន ដោយដាក់ទូក ដោយយើងហាមឃាត់មិនឲ្យគាត់ធ្វើ ប៉ុន្ដែគាត់នៅតែចង់ឆ្លងមក ធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតក្មេងម្នាក់»។លោកទេសរដ្ឋមន្ដ្រី គន់ គីម បានគូសបញ្ជាក់ថា នៅចំណុចកើតហេតុ មានការដាច់ផ្លូវ ហើយអាជ្ញាធរបានហាមឃាត់មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះទេ ហើយលោកក៏បានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំង ចំពោះហេតុការណ៍ដែលបានកើតឡើងនេះ។លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រដឹកស្បៀង និងកងកម្លាំងមួយចំនួនផង ចុះទៅអន្តរាគមន៍ជួយប្រជាពលរដ្ឋនៅស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរីជាច្រើនរយគ្រួសារ កំពុងរងគ្រោះដោយសារទឹកជំនន់។លោកទេសរដ្ឋមន្ត្រី គន់ គីម បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា បន្ទាប់ពីបានទទយលដំណឹង នៃការរងគ្រោះដោយសារទឹកជំនន់របស់ប្រជាពលរដ្ឋនៅខេត្តរតនគិរីភ្លាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចេញបញ្ជាឱ្យរូបលោកដឹកស្បៀងអាហារ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត ចុះជួយអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។សូមបញ្ជាក់ថា ទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ បានហក់ឡើងយ៉ាងខ្លាំងដោយសារទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនត្រូវបានជនលិច អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចក្នុងខេត្តបានចេញអន្តរាគមន៍ភ្លាមៗផងដែរ ដោយស្វែងរកទីទួលមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ៕
ប្រភព៖ Freshnews