ពលរដ្ឋហុងកុងរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាអង្គុយនៅព្រលានយន្តហោះ ដើម្បីបង្ហាញពីជំហរដ៏រឹងមាំរបស់ខ្លួន

  • សុក្រ ០៩ សីហា, ២០១៩ ១៦:១១
ហុងកុង៖ ពលរដ្ឋហុងកុងរាប់ពាន់នាក់បាននិងកំពុងតែប្រមូលផ្តុំគ្នា អង្គុយនៅព្រលានយន្តហោះហុងកុងនៅក្នុងថ្ងៃនេះ ដើម្បីបង្ហាញពីជំហរដ៏រឹងមាំក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលទាក់ទិនទៅនឹងសំណើច្បាប់បត្យាប័ន។យោងតាមប្រភពបានឱ្យដឹងថា អ្នករៀបចំការប្រមូលម្តុំគ្នានេះសង្ឃឹមថា សមត្ថកិច្ចនឹងគោរពសិទ្ធិពួកគេ ដោយអនុញ្ញាតឱ្យពួកគេធ្វើការអង្គុយដោយសន្តិវិធី ហើយពួកគេគ្រោងនឹងប្រមូលផ្តុំគ្នាអង្គុយរហូតដល់ថ្ងៃអាទិត្យតែម្តង។ស្របពេលគ្នានេះដែរ ខាងព្រលានយន្តហោះក៏បានបង្កើនសន្តិសុខបន្ថែម ដែលការធ្វើបែបនេះបានធ្វើឱ្យមានការខកខានជើងហោះហើរមួយចំនួនដល់អ្នកដំណើរផ្សេងៗទៀត ហើយក៏បានព្រមានដល់អ្នកដំណើរទូទៅឱ្យមកកាន់ព្រលានយន្តហោះឱ្យបានមុនពេលជើងហោះហើរ។យ៉ាងណាមិញ ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលក៏បានចែកខិត្តប័ណ្ណដល់អ្នកដំណើរផ្សេងៗដើម្បីពន្យល់ពីចលនាប្រឆាំងទាក់ទិនទៅនឹងច្បាប់បត្យាប័នផងដែរ។គួរឱ្យដឹងថា នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ វិបត្តិនយោបាយនៅហុងកុង កាន់តែមានសភាពតានតឹងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះតែហុងកុងគឺជារដ្ឋបាលកាន់គោលការណ៍ប្រទេសមួយប្រព័ន្ធពីរ ហើយហុងកុងនឹងត្រូវប្រគល់ឱ្យចិនកាន់កាប់វិញក្នុងឆ្នាំ២០៤៧ខាងមុខនេះ។ ប៉ុន្តែប្រជាជនហុងកុងជាច្រើននាក់ បានក្រោកឈរ តវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ព្រោះតែពួកគេមិនចង់រស់នៅក្រោមរបបកុម្មុយនិស្តដែលគ្រប់គ្រងដោយចិននោះទេ ពោលគឺពួកគេធ្លាប់តែរស់នៅក្នុងរបបប្រជាធិបតេយ្យសេរីនិយម និងមានយុត្តិធម៌ក្នុងសង្គម។ ដូច្នេះបានជាមានការផ្ទុះការតវ៉ា និងចលាចលពាសពេញទីក្រុងហុងកុងបែបនេះ៕
រូបភាពពលរដ្ឋហុងកុងរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាអង្គុយនៅព្រលានយន្តហោះ
រូបភាពពលរដ្ឋហុងកុងរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាអង្គុយនៅព្រលានយន្តហោះ
រូបភាពពលរដ្ឋហុងកុងរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាអង្គុយនៅព្រលានយន្តហោះ
រូបភាពពលរដ្ឋហុងកុងរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាអង្គុយនៅព្រលានយន្តហោះ