អត់​ធ្វើ​លំ​ៗ ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ​អាជ្ញាធរ​ត្រៀម​ហើយ​ស្រេច​មួយ​កំ​ប្លេ

  • សុក្រ ០៩ សីហា, ២០១៩ ១៦:២៥
រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​រឹត​បណ្តឹង​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ជុំវិញ​មណ្ឌល ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)​អោយ​បាន​តឹង​រឹង​ដើម្បី​ធានា​សុវត្ថិភាព និង គុណភាព​នៃ​ការ​ប្រឡង ។
អភិបាលរង​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀម​ផែនការ រួច​ជា​ស្រេច​ហើយ​ក្នុង​ការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ជុំវិញ​មណ្ឌល​ប្រលង​បាក់​ឌុ​ប សម្រាប់​ឆ្នាំ​សិក្សា​២០១៨-២០១៩​នេះ ដើម្បី​ការពារ​កុំអោយ​កើត​មាន​បាតុភាព​មិន​ប្រក្រតី​ណា មួយ​កើតឡើង​ដែល​នាំ​ឲ្យ​រំខាន​ដល់​ការ​ប្រឡង ។ថ្លែង​ក្នុង​កិច្ចប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ សីហា នេះ​លោក នួន ផា​រ័​ត្ន អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​ចេញ​ផែនការ​៤​ចំណុច ដើម្បី​ធានា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​នៅ​ជុំវិញ​បរិវេណ​មណ្ឌល​ប្រឡង គឺ​ការ​ពង្រាង​កម្លាំង​ការពារ​ប្រចាំការ​នៅ​ជុំវិញ​បរិវេណ​មណ្ឌល​ប្រឡង និង​ការ​សម្រួល​សណ្តាប់ ធ្នាប់​ចរាចរណ៍ បុគ្គលិក​សុខាភិបាល ឡាន​សង្គ្រោះ​បន្ទាន់ និង​រថយន្ត​ពន្លត់​អគ្គី​ភ័យ​ជាដើម ។
លោក​អភិបាលរង​បាន​បញ្ជាក់​ថា ការ​ត្រៀម​ផែនការ​នេះ​គឺ​ដើម្បី​ធានា​ឲ្យ​បរិយាកាស​នៃ ការ​ប្រឡង​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​គ្មាន​ការ​រំខាន ពិសេស​គឺ​ធានា​បាន​គុណភាព​ប្រឡង ដែល​ស្វែងរក​អ្នក​ដែល​ចេះ​ពិតប្រាកដ ។លោក ជា ជាតិ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា​បាន​អះអាង​ថា ការ​ត្រៀម ផែនការ​ការពារ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​ដំណើរការ​ប្រឡង​បាន​ប្រព្រឹត្ត​ទៅ​ដោយ ល្អ​ប្រសើរ​តាម​គារ​គ្រោងទុក ពិសេស​ទប់ស្កាត់​ទាន់​ពេលវេលា​ចំពោះ​បាតុភាព​មិន​ប្រក្រតី​ណា មួយ​ដែល​រំខាន​ដល់​ដំណើរការ​ប្រឡង ។
លោកបាន​រំលឹក​ដល់​បេក្ខជន​ប្រឡង​ទាំងអស់​មិន​ត្រូវ​យក​សំ​ណេ​រ​ឯកសារ​ឬ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​ចូល​ក្នុង​មណ្ឌល​ប្រឡង​ឡើយ បើ​អនុរក្ស​រក​ឃើញ​នឹង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្ត ។ ហើយ​ការ ប្រឡង​នេះ​នៅ​តែ​អនុវត្ត​វិធាន​យ៉ាង​តឹង​រឹង​ជាទី​បំផុត គឺ​អ្នកចេះ​គឺ​ជាប់ អ្នក​មិន​ចេះ​គឺ​ធ្លាក់ ដើម្បី ធានា​តម្លាភាព និង​គុណភាព​ធន​ធា​មនុស្ស​នៅ​កម្ពុជា ។យោង​តាម​ប្រកាស​ដែល​ក្រសួង​អប់រំ បាន​ផ្សព្វផ្សាយ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា បេក្ខជន​ដែល​បាន​ប្រព្រឹត្ត​នូវ​អ្វី​ដែល​ចាត់​ទុក​ថា មាន​បំណង​លួច​ចម្លង នឹង​មិន​អនុញ្ញាត​ឱ្យ​ចូល​ប្រឡង​នោះ​ទេ ហើយ​ត្រូវ​បាន​កំណត់​ឱ្យ​ធ្លាក់ លើកលែងតែ​បេក្ខជន​ប្រគល់​រាល់​សៀវភៅ​ឯកសារ​ឬ​សំណៅ​ឯកសារ​ឱ្យ​គណៈមេប្រយោគ​មុន​ចូល​មណ្ឌល​ប្រឡង​ឬ​បន្ទប់​ប្រឡង ៕ប្រភព៖ កោះសន្តិភាព