ក្រសួងដែនដីសម្រេចឱ្យរុះរើសំណង់អគារកម្ពស់៩ជាន់ នៅព្រះសីហនុ ក្រោយរកឃើញសំណង់គ្មានគុណភាព

  • សៅរ៍ ១០ សីហា, ២០១៩ ០៨:២៥
(ព្រះសីហនុ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចឱ្យរុះរើអគារកម្ពស់៩ជាន់មួយកន្លែង ស្ថិតនៅទល់មុខរង្វង់មូលតោ២ ក្នុងភូមិលេខ៤ សង្កាត់លេខ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញថា អគារនេះសាងសង់ឡើងខុសបច្ចេកទេស និងគ្មានគុណភាព។ សំណង់អគារនេះ សាងសង់ដោយក្រុមហ៊ុន ឈួនរិន ខនស្ត្រាក់សិន អេនជីនារីង (ខេមបូឌា) ឯ.ក។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងដែនដីនៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា នៅព្រឹកមិញនេះ ក្រុមការងារបច្ចេកទេសនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត បានចុះត្រួតពិនិត្យការដ្ឋានសំណង់អគារពហុមុខងារកម្ពស់ ៩ជាន់ខាងលើ។ បន្ទាប់ពីពិនិត្យរកឃើញថា សំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងគ្មានលិខិតអនុញ្ញាតបើកការដ្ឋាន។ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងទៀតថា អគារសាងសង់ខុសលក្ខណៈបច្ចេកទេសសំណង់ និងខុសនគរូបនីយកម្ម។ ក្នុងសេចក្តីប្រកាសឱ្យដឹងទៀតថា កាលពីថ្ងៃទី០៨ ខែសីហា អគារនេះមានការស្រុតពី ៤០មិល្លីម៉ែត្រ ទៅ ៨០មិល្លីម៉ែត្រ ហើយនៅថ្ងៃទី០៩ ខែសីហានេះ នៅផ្នែកខាងកើតនៃអគារមានការស្រុតរហូតដល់ ៩មិល្លីម៉ែត្រ និងនៅផ្នែកខាងលិចនៃអគារ មានការស្រុតរហូតដល់ ២៨មិល្លីម៉ែត្រថែមទៀត និងបន្តស្រុតតទៅទៀត។ បន្ថែមពីលើនោះជញ្ជាំងជាន់ផ្ទាល់ដីនៃអគារ មានសភាពប្រេះច្រើនកន្លែង និងបន្តប្រេះថែមទៀតផងដែរ។ក្នុងសេចក្តីប្រកាសនេះ បន្តថា បន្ទាប់ពីពិនិត្យមានហានិភ័យដូចខាងលើ និងដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ការពារទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុបានស្នើទៅរដ្ឋបាលខេត្តព្រះសីហនុ ចាត់វិធានការផ្អាកការដ្ឋានសាងសង់ជាបន្ទាន់ ហាមស្នាក់នៅ ហាមការប្រើប្រាស់សំណង់ផ្អាកការប្រកបអាជីវកម្មគ្រប់ប្រភេទនៅក្នុងអគារ និងឱ្យមនុស្សចេញពីអគារទាំងអស់។ក្រុមការងារក៏តម្រូវឱ្យរុះរើសំណង់នេះចេញព្រោះសំណង់នេះមិនមានសុវត្ថិភាព និងគុណភាពសមស្របតាមលក្ខណៈបច្ចេកទេសសំណង់។ ប្រជាពលរដ្ឋ ដែលរស់នៅជិតខាងជុំវិញអគារនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចាកចេញពីលំនៅដ្ឋានជាបន្ទាន់ រហូតដល់មានការចាត់ចែងរួចរាល់៕
ប្រភព៖ Fresh News