យប់មិញនៅខណ្ឌសែនសុខ មានរថយន្តកុងតឺន័រ បើកលឿនបង្កគ្រោះថ្នាក់ចរាចរណ៍២ករណី

  • អាទិត្យ ១១ សីហា, ២០១៩ ០៨:០១
(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តកុងតឺន័រស្តុបក្រហមមិនព្រមឈប់ ទៅបុករថយន្ត LEXUS 570 ពីក្រោយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យ មានអ្នករងរបួសនោះទេ។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១២យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ចំណុចស្តុបក្រោយស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក LEXUS LX570 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AK-9938 បានធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ភ្លើងស្តុបពណ៌ក្រហមកំណត់ឲ្យឈប់ ដើម្បីរង់ចាំភ្លើងខៀវនោះ ស្រាប់តែឃើញមានរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 3E-7518 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនក៏ជ្រុលទៅបុកគូទ រថយន្តខាងលើចំពេញមួយទំហឹង បណ្ដាលឲ្យរងការខូចខ្ទេចមួយកំណាត់ក្រោយ។ចំណែកករណីមួយទៀត គឺជាគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័របើកលឿន ត្រង់ចំណុចផ្លូវកោង ជ្រុលទៅបុករះផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យម៉ូតូ៧គ្រឿងរងការខូចខាត នៅខណ្ឌសែនសុខដដែល តែសំណាងល្អមិនមានអ្នករបួស។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តកុងតឺន័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5372 និងកន្ទុយសណ្ដោងពាក់ស្លាកលេខ ភ្នំពេញ 4A-0557 បានធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចផ្លូវកោងមិនបង្អង់ល្បឿន ក៏ជ្រុលទៅបុករះផ្ទះប្រជាពលរដ្ឋ និងឃ្លាំងបណ្ដាលឲ្យម៉ូតូ៧គ្រឿង និងសម្ភារមួយចំនួនរងការខូចខាត។ រីឯអ្នកបើកបរបានរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕
ប្រភព៖ Freshnews