ពេញមួយថ្ងៃ​នេះ ​អាជ្ញាធរ​បើក​យុទ្ធនាការ​ស្ដារ​អូរ ​នៅ៤ទីតាំង​ក្នុង​ក្រុង​ព្រះសីហនុ ​ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង

  • អាទិត្យ ១១ សីហា, ២០១៩ ០៨:១៥
(ព្រះសីហនុ)៖ ពេញមួយថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានបើកយុទ្ធនាការទ្រង់ទ្រាយធំស្ដារអូរនៅក្នុងក្រុងព្រះសីហនុ នៅទីតាំងសំខាន់ៗចំនួន៤ ដើម្បីរំដោះជំនន់ទឹកភ្លៀងដែលជន់លិច និងបន្ដគំរាមកំហែងខេត្ដព្រះសីហនុ។អភិបាលខេត្ដព្រះសីហនុ លោក គួច ចំរើន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ប្រតិបត្តិការស្ដារអូរនៅថ្ងៃនេះ កម្លាំងអាជ្ញាធរបានប្រើប្រាស់អេស្កាវ៉ាទ័រ ជាច្រើនគ្រឿង ដែលទទួលបានពីមន្ទីរធនធានទឹកខេត្ដ, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ, ក្រសួងសាធារណការ និងដៃគូឯកជនផងដែរ។លោកអភិបាលខេត្ត បានបញ្ជាក់ថា អូរទាំង៤ទីតាំងដែលត្រូវបានស្ដារឡើងវិញ ដើម្បីរំដោះទឹកនោះរួមមាន៖*ទី១៖ ការងារស្តារអូរ១៖ គោលដៅទី១ លើផ្លូវលេខ៨០០ មានអេស្កា៣គ្រឿង បានស្តារផ្នែកខាងលើ និងខាងក្រោមលូអូរ១, គោលដៅទី២ នៅលើស្ពានដែកមានអេស្កា១គ្រឿង ស្តារអូបាន១០០ម៉ែត្រម្ខាង, គោលដៅទី៣ មានអេស្កា១គ្រឿង បានស្តារប្រឡាយខ្សាច់ គុម្ពឬស្សី, គោលដៅទី៤ មានអេស្កា២គ្រឿង ស្តារអូរ កាយដើមឈើ និងគោលដៅទី៥ មានអេស្កា១គ្រឿង នៅកែងស្ពានឆ្លងពី ផ្លូវ៨០៦ ទៅសង្កាត់លេខ៤ បានដោះស្រាយជាមួយប្រជាពលរដ្ឋ បានកាយសំអាត នឹងបញ្ចប់នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩។*ទី២៖ ការងារស្តារអូរ LV៖ មានអេស្កា៣គ្រឿង នៅលើដាឡូ LV ស្តារសំរាម និងស្តារអូរខាងមុខអង្កការម្លប់តាប៉ាង។*ទី៣៖ ការងារស្តារអូរនៅអូរឈើទាល៖ មានអេស្កា២គ្រឿង ដោយមួយគ្រឿងស្តារអូរក្នុងអាង និងមួយគ្រឿងទៀត ស្តារប្រឡាយ។*ទី៤៖ ការងារស្តារអូរសំអាត (សុខា)៖ បានវាស់វែងដាក់និយាមការ និងចល័តគ្រឿងចក្រត្រៀម សម្រាប់ស្តារនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ស្អែកនេះ។សូមជម្រាបថា ស្ថានភាពនៃការជន់លិចដោយសារជំនន់ទឹកភ្លៀងនៅក្នុងក្រុងព្រះសីហនុ បានធូរស្បើយឡើងវិញហើយ។ ជាតុល្យការចុងក្រោយជំនន់ទឹកភ្លៀងនេះ បណ្តាលឱ្យមនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិតក្នុងនោះ ពលរដ្ឋខ្មែរពីរនាក់ និងជនចិនមួយនាក់ ខណៈទ្រព្យសម្បត្តិរបស់របរប្រើប្រាស់របស់ប្រជាពលរដ្ឋជាច្រើនរងការខូចខាត។ដោយឡែកបណ្តាញទឹកស្អាត និងអគ្គិសនីក៏ត្រូវបានតភ្ជាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាប្រក្រតីឡើងវិញ៕
ប្រភព៖ freshnews