ល្អហួស! សៀង ចន្ធា ស៊ុត ២គ្រាប់ជួយឲ្យ U18 កម្ពុជា ឈ្នះថៃជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត (មានវីដេអូ)

  • អាទិត្យ ១១ សីហា, ២០១៩ ១០:៥២
វៀតណាម៖ ការប្រកួតពានរង្វាន់ AFF U18 Championships 2019 ក្នុងប្រទេស វៀតណាម កាលពីល្ងាចថ្ងៃសុក្រ កន្លងទៅ ក្រុមយុវជនគោព្រៃកម្ពុជា រកបាន ៣ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិថៃ U18 ក្នុងលទ្ធផល ៤-៣។
ជម្រើស ១១នាក់របស់ U18 កម្ពុជា (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
ជម្រើស ១១នាក់របស់ U18 ថៃ (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
នៅក្នុងវគ្គទីមួយ ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បាននោះទេ ពោលគឺចប់ ៤៥នាទី លទ្ធផល 0-0។ ចូលដល់វគ្គទីពីរ កម្ពុជា បានបើកការនាំមុខមុនតាមរយៈការតែតបាល់របស់ខ្សែប្រយុទ្ធក្រុមយុវជនវិសាខា កីឡាករ វុធ តុលា នៅនាទី ៥៣។ នាំមុខបាន ១៣នាទី ក្រុមជម្រើសជាតិថៃ បានរកគ្រាប់បាល់តាមស្មើ។ យ៉ាងណាមិញ កម្ពុជា​ បានបើកការនាំមុខម្ដងទៀត ដោយការតែតបញ្ចូលទីខ្លួនឯង (Own Goal) របស់កីឡាករថៃ បន្ទាប់ពីកីឡាករ មិន រតនៈ លើកបាល់ជ្រុងចូល។ មិនបានប៉ុន្មាន ថៃក៏បានតាមស្មើម្ដទៀត ដោយការស៊ុតពីចម្ងាយយ៉ាងស្អាត នៅនាទី ៧៥។ ប៉ុន្តែអ្វីៗបានប្ដូរផ្លាស់ ក្រោយការដូរចូលក្នុងវគ្គទីពីរ ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា បានស៊ុត ២គ្រាប់ជួយឲ្យ កម្ពុជា នាំមុខថៃ ៤-២ មុននឹងថៃរកបាន ១គ្រាប់ទៀតនៅនាទី ៩0+៥។ ជាលទ្ធផល បញ្ចប់ការប្រកួត កម្ពុជា​យកឈ្នះ ថៃ ៤-៣។
សកម្មភាពក្នុងការប្រកួត(រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
សកម្មភាពក្នុងការប្រកួត (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
សកម្មភាពក្នុងការប្រកួត (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
នៅក្នុងការប្រកួតនោះ សង្កតឃើញថា ក្រុមកម្ពុជាទាំងមូលលេងបានល្អមែនទែននៅគ្រប់តំបន់ ជាពិសេសគឺខ្សែប្រយុទ្ធ សៀង ចន្ធា ដែលបានប្ដូរចូលក្នុងវគ្គទីពីរ នឹងអាចរកបាន ២គ្រាប់ ដែលគ្រាប់ទី១ របស់គេបានញាក់ខ្សែការពារថៃដាច់ចង្កះ និងស៊ុតបញ្ចូលទីយ៉ាងស្អាត ខណៈគ្រាប់ទីពីរគឺជាការបញ្ជូលបាល់បានយ៉ាងស្អាតពីមិត្តរួមក្រុម ឲ្យចន្ធាបញ្ចប់ទីបានយ៉ាងល្អ។
កីឡាករ សៀង ចន្ធា (អាវស)(រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
គួរបញ្ជាក់ដែរថា នេះគឺជាការរកបាន ៣ពិន្ទុលើកដំបូងហើយសម្រាប់ U18 កម្ពុជា ក្នុងព្រឹត្តិការណ៍ AFF U18 Championships 2019 ក្រោយបរាជ័យក្រោមថ្វីជើងអូស្រ្តាលីក្នុងជំនួបបើកឆាកដោយលទ្ធផល ៥-១។ ប្រកួតបន្ទាប់របស់កម្ពុជានឹងធ្វើឡើងនារសៀលវេលាម៉ោង ៣:៣០ នាទី ថ្ងៃនេះ ដោយត្រូវតទល់ជាមួយនឹងយុវជនរបស់ ម៉ាឡេស៊ី៕សូមទស្សនាវីដេអូ Highlight រវាង U18 កម្ពុជា និង U18 ថៃនៅខាងក្រោម៖