មិន​គួរ​បណ្តោយ​ឱ្យ​មាន​គ្រូពេទ្យ​ត្បាញ​អាយ​ទេ​… ម៉េច​មិនដឹង?

  • អាទិត្យ ១១ សីហា, ២០១៩ ១៦:៥៧
ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន ខណៈ​តាំងខ្លួន​ជា​គ្រូពេទ្យ​ដើរ​ព្យាបាល​ជំងឺ​ក្នុងភូមិ បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​កាលពី​ម៉ោង​៧​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ជ្រឹង​ខាងលិច សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ។សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ ឈូក ម៉ៅ អាយុ​២៤​ឆ្នាំ ចំណែក​គ្រូពេទ្យ​ត្បាញ​អាយ​​នោះ​ឈ្មោះ ស្រឿង ប៊ុ​ន​រិ​ទ្ធ អាយុ​៦១​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​។បើ​តាម​ឪពុក​ម្តាយបង្កើត​ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កូនស្រី​របស់​ខ្លួន​ដែល​គេ​ហៅ​ថា ជំងឺ​ស្ត្រី​ទាស់សរសៃ ហើយ​រូប​គាត់​ជា​ឪពុក​ម្តាយ​បាន​ហៅ​គ្រូពេទ្យ​មក​មើល ខណៈ​ពេល​គ្រូពេទ្យ​មក​ដល់​ក៏​បាន​បញ្ចូល​សេរ៉ូម​ឱ្យ​ស្ត្រី​រង​គ្រោះ រហូត​ដល់​ម៉ោង​ប្រមាណ​៤​ល្ងាច​ទើប​អស់​សេរ៉ូម លុះ​នៅ​ម៉ោង​៦​ល្ងាច​ក្នុង​ថ្ងៃ​ដដែល គ្រូពេទ្យ​រូប​នេះ​បានឱ្យ​ថ្នាំ​គ្រាប់​លេប​បន្ត​ទៀត ដោយ​ប្រើប្រាស់​ថ្នាំ Glugose និង​ថ្នាំ Vitamin Becomplex ក្រោយ​ពី​បាន​លេប​រួច​មក លុះ​នៅ​ម៉ោង​៧​និង​៤៥​នាទី​យប់ ស្ត្រី​រង​គ្រោះ​ស្រាប់តែ​ប្រកាច់​ដាច់ខ្យល់​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង ។ទាក់ទិន​នឹង​ព័ត៌មាន​នេះ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត៌​មាន​ថា មាន​គ្រូពេទ្យ​ព្យាបាល​អ្នកជំងឺ​ស្លាប់​បាត់បង់​ជីវិត​នោះ លោក​បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​ជំនាញ និង​មាន​សហការ​ជាមួយ​កងកម្លាំង​ប៉ូលិស​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​តាមដាន​ពិនិត្យ​ជន​រង​គ្រោះ និង​ការ​ប្រើប្រាស់​ថ្នាំ គឺ​ខុស​បច្ចេកទេស​របស់​គ្រូពេទ្យ ទើប​បណ្តាល​ឱ្យ​អ្នកជំងឺ​ស្លាប់ ខណៈ​មិន​អាច​ប្រើប្រាស់​ថ្នាំ Glugose និង Vitamin Becomplex ដែល​មាន​សារធាតុ​បេ​អង​លើស​ចំណុះ​ទេ ដែល​បណ្តាល​ឱ្យ​មាន​ប្រត្តិកម្ម និង​ធ្វើ​ឱ្យ​ជាតិ​ស្ករ​ឡើង​ខ្លាំង​ខ្ពស់​។លោក​បាន​បញ្ជាក់​ថា គ្រូពេទ្យ​ត្បាញ​អាយ ដែល​តាំងខ្លួន​ប្រកប​មុខរបរ​ចាក់​ថ្នាំ​តាម​ភូមិ​រូប​នេះ ពុំ​មាន​សញ្ញា​ប​ត្រ័​បញ្ជាក់​ថា មាន​វិជ្ជាជីវ​:​ជា​ពេទ្យ​នោះ​ទេ និង​ពុំ​មាន​អាជ្ញា​ប​ណ្ណ័​ពី​ក្រសួង ឬ​ពី​មន្ទីរ​សុខាភិបាល​នោះ​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)