ឥណ្ឌូនេស៊ីគ្រោងនឹងផ្លាស់ប្តូររាជធានីថ្មីទៅនៅលើកោះកាលីម៉ាន់តាន់ ព្រោះតែទីក្រុងចាកាតានឹងលិចលង់បាត់នៅពេលខាងមុខនេះ

  • ច័ន្ទ ១២ សីហា, ២០១៩ ១៥:១៩
ឥណ្ឌូនេស៊ី៖ យើងទាំងអស់គ្នាសុទ្ធសឹងតែដឹងហើយថា ចាកាតាជារាជធានីរបស់ប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែនៅពេលខាងមុខនេះ ឥណ្ឌូនេស៊ីនឹងផ្លាស់ប្តូររាជធានីថ្មី។យោងតាមលោក​ចូកូវីដូដូ ប្រធានាធិបតី​ឥណ្ឌូនេស៊ី បានប្រកាសកាលពីពេលថ្មីៗនេះថា ឥណ្ឌូនេស៊ីនឹងផ្លាស់ប្តូររាជធានីពីទីក្រុងចាកាតា ទៅនៅលើកោះកាលីម៉ាន់តាន់វិញ។
សារលោក​ចូកូវីដូដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ីនៅលើ Twitter
តើមូលហេតុអ្វីទៅ?យោងតាមប្រភពបានឱ្យដឹងថា បច្ចុប្បន្ននេះទីក្រុងចាកាតាកំពុងតែនៅក្រោមនីវ៉ូទឹកសមុទ្រប្រមាណ ៤០%​ ហើយទីក្រុងនេះតែងតែប្រឈមមុខទៅនឹងបញ្ហាគ្រោះទឹកជំនន់ជាច្រើនហូរហែ។ជាក់ស្តែង យោងតាមប្រភពបរទេសច្បាស់ការណ៍មួយបានឱ្យដឹងថា ចាកាតាជាទីក្រុងដ៏ឆាប់លិចបំផុតលើលោក ហើយទីក្រុងនេះត្រូវបានគេព្យាករណ៍ថានឹងលិចបាត់នៅក្នុងឆ្នាំ២០៥០ខាងមុខនេះ។បន្ថែមពីនេះទៀត បច្ចុប្បន្នមានមនុស្សរស់នៅក្នុងទីក្រុងនេះប្រមាណ ១០លាននាក់ ហើយទីក្រុងចាកាតាក៏ជាប់ឈ្មោះជាទីក្រុងដែលស្ទះចរាចរណ៍ខ្លាំងបំផុតលើលោកផងដែរ ហើយព្រោះតែបញ្ហានេះបានធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីខាតបង់ប្រាក់ចំណូលសេដ្ឋកិច្ចជាតិដល់ទៅជាង ១០០សែនកោដិ​រូពី ឬប្រហែល ៧ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ដូច្នេះបានជាថ្មីៗនេះ លោក​ចូកូវីដូដូ ប្រធានាធិបតី​ឥណ្ឌូនេស៊ី បានប្រកាសនៅលើគណនី Twitter ផ្លូវការលោកថា ឥណ្ឌូនេស៊ីនឹងរើរាជធានីទៅនៅលើកោះកាលីម៉ាន់តាន់វិញ។ដោយផ្អែកលើសាររបស់លោកចូកូវីដូដូ បច្ចុប្បន្ននេះឥណ្ឌូនេស៊ីក៏កំពុងតែសម្រេចចិត្តជ្រើសរើសតំបន់មួយក្នុងចំណោមតំបន់បីដើម្បីតាំងរាជធានីថ្មី ក្នុងនោះ រួមមាន កោះកាលីម៉ាន់តាន់កណ្តាល កោះកាលីម៉ាន់តាន់ខាងកើត និងកោះកាលីម៉ាន់តាន់ខាងត្បូង។
ផែនទីកោះកាលីម៉ាន់តាន់
បើទោះបីជារដ្ឋាភិបាលចង់ចាប់ផ្តើមផ្លាស់ប្តូរទីក្រុងថ្មីក្នុងឆ្នាំ២០២៤ខាងមុខក្តី ក៏លោកចូកូវីដូដូ បានបញ្ជាក់ថា កិច្ចការរើរាជធានីថ្មីនេះយ៉ាងហោចណាស់ក៏ត្រូវប្រើប្រាស់រយៈពេល ១០ឆ្នាំដែរ ទើបអាចបញ្ចប់កិច្ចការនេះជាស្ថាពរ ហើយក៏ត្រូវចំណាយប្រាក់ជាង ៣៣ពាន់លានដុល្លារចំពោះគម្រោងដ៏ធំមួយនេះ។ចំណែកហេតុផលផ្សេងទៀតដែលរដ្ឋាភិបាលសម្រេចចិត្តផ្លាស់ប្តូររាជធានីថ្មីទៅលើកោះកាលីម៉ាន់តាន់ ព្រោះតំបន់នោះពុំសូវមានគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងដូចទៅនឹងតំបន់ផ្សេងទៀតក្នុងប្រទេសឥណ្ឌូនេស៊ី៕តើប្រិយមិត្តយល់យ៉ាងណាដែរ?