បុរសពិការជើងដ៏មានទឹកចិត្តម្នាក់ សុខចិត្តចុះពីលើរទេះ ទៅជួយសង្គ្រោះកូនឆ្មាមួយក្បាល ជាប់នៅប្រឡាយទឹកស្អុយ ទទួលការសរសើរខ្លាំង! (មានវីដេអូ)

ម៉ាឡេស៊ី៖ បុរសពិការជើងម្នាក់ (ទាំងសងខាង) ទទួលបានការកោតសរសើរយ៉ាងខ្លាំង ទៅលើទឹកចិត្តដ៏ប្រពៃ ពីសំណាក់មហាជនជាច្រើននៅលើបណ្តាញសង្គម បន្ទាប់ពីរូបភាព និងវីដេអូឃ្លីបនៃសកម្មភាពរបស់គាត់ ចុះជួយសង្គ្រោះសត្វឆ្មាដ៏កំសត់មួយក្បាល ចេញពីប្រឡាយទឹកស្អុយ ត្រូវបានបង្ហោះចែកចាយ។
លោក Abu ចុះជួយសង្គ្រោះសត្វឆ្មា
បើតាមប្រភពបានឲ្យដឹងថា បុរសពិការជើងខាងលើនេះ ក៏ត្រូវបានគេស្គាល់ថា គឺជាអត្តពលិកប៉ារ៉ាឡាំពិកម្នាក់ផងដែរ (Paralympian) ។ សកម្មភាពជួយសង្គ្រោះសត្វឆ្មាមួយក្បាល ចេញពីប្រឡាយទឹកស្អុយនោះ គឺត្រូវបានថតដោយមិត្តភក្តិរបស់លោក ដែលជាជនពិការដូចគ្នា។ ជាក់ស្ដែង បើផ្អែកតាមរយៈការរៀបរាប់នៅលើបណ្តាញសង្គមរបស់បុរសពិការជើងរូបនេះ ដែលមានឈ្មោះថា Abu Fathiyyaturahma Menk AbdunMujtahid បានឲ្យដឹងថា នៅព្រឹកថ្ងៃនោះ លោកហើយនឹងមិត្តភក្តិរបស់លោកម្នាក់ទៀត (ពិការជើងដូចគ្នា) បានធ្វើដំណើរដោយរទេះរុញតាមផ្លូវទៅមជ្ឈមណ្ឌលកីឡា Kota Kinabalu Sports Complex ។ លុះដល់ចំណុចប្រឡាយទឹកស្អុយ លោកក៏ស្រាប់តែប្រទះឃើញកូនឆ្មាមួយក្បាល បានធ្លាក់នៅក្នុងប្រឡាយទឹក ដោយទទឹកខ្លួន និងព្យាយាមតោងឡើងមកលើគោកវិញ ប៉ុន្តែមិនបានសម្រេច ព្រោះថាជញ្ជាំងថ្មប្រឡាយខ្ពស់ និងរអិល។ដោយសារតែ មានចិត្តអាណិតស្រលាញ់ ហេតុដូចនេះហើយ ទើបបានជារូបលោកក៏សម្រេចចិត្តថា នឹងចុះពីលើរទេះរុញដើម្បីទៅជួយសង្គ្រោះជីវិតរបស់កូនឆ្មានោះតែម្តង។ចំណែកឯ មិត្តភក្តិរបស់លោក Abu វិញ ក៏បានថតជាវីដេអូនៃសកម្មភាពនោះ ព្រោះថាមិត្តភក្តិលោកមិនអាចចុះទៅជួយបានទេ ដោយសារតែរូបគេពាក់ជើងសិប្បនិម្មិត ហើយនៅទីនោះជាទីជម្រាលទៀត។
លោក Abu ចុះជួយសង្គ្រោះសត្វឆ្មា
គួរឲ្យដឹងផងដែរថា បន្ទាប់ពីវីដេអូឃ្លីបមួយនេះ បានបង្ហោះចែកចាយ ក្នុងនោះក៏មានបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញមតិកោតសរសើរដល់ទឹកចិត្តដ៏ប្រពៃរបស់លោក Abu រួមនឹងមិត្តភក្តិរបស់លោក ព្រោះបើទោះបីជា ពួកលោកជាមនុស្សពិការក្តី ប៉ុន្តែមានចិត្តមានបេះដូង ជួយសង្គ្រោះជីវិតដទៃ (សត្វ) បើទោះបីជាស្ថិតក្នុងស្ថានភាពលំបាកបែបណាក៏ដោយ។តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?ទស្សនាវីដេអូខាងក្រោម៖