ក្ដៅៗ! អតីតកីឡាករជួរមុខ Real Madrid និងជាវីរបុរសហូឡង់ ប្រកាសចូលនិវត្តន៍ហើយ

  • អង្គារ ១៣ សីហា, ២០១៩ ០៨:៤០
ហូឡង់៖ អតីតខ្សែបម្រើប្រយុទ្ធរបស់ Real Madrid និង Inter Milan កីឡាករ Wesley Sneijder បានប្រកាសព្យួរស្បែកជើង ចាកចេញពីអាជីពជាកីឡាករបាល់ទាត់ហើយ។
កីឡាករWesley Sneijder
Sneijder គឺជាថ្នាលយុវជនរបស់ក្លិប Ajax នឹងត្រូវបានតម្លើងមកលេងឲ្យក្រុមធំកាលពីឆ្នាំ ២០០២។ Sneijder បង្ហាញខ្លួនឲ្យ Ajax ដែលជាក្លិបមានមូលដ្ឋាននៅទីក្រុង Amsterdam សរុបបាន ១៨០ប្រកួត មុននឹងត្រូវក្លិបយក្សអេស្ប៉ាញ Real Madrid ទិញយកមកពីទឹកដីហូឡង់អំឡុងរដូវកាល ២០០៧-២០០៨ ក្នុងតម្លៃខ្លួន ២៣លានផោន។
Sneijder កាលលេងឲ្យ Ajax
យ៉ាងណាមិញ Sneijder ត្រូវបាន Real Madrid លក់ទៅឲ្យ Inter Milan ទីដែលគេបានឈ្នះពានរង្វាន់ UEFA Champions League រដូវកាល ២០០៩-២០១០ ក្រោយការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Jose Mourinho។ក្រោយចាកចេញពី Inter Milan ក្នុងឆ្នាំ ២០១៣ Sneijder បានទៅចូលរួមជាមួយ Galatasaray, Nice និងចុងក្រោយបង្អស់គឺក្លិបនៅកាតា Al-Gharafa។
Sneijder ជាមួយពាន UEFA Champions League
ងាកមកមើលជាមួយក្រុមជម្រើសជាតិហូឡង់វិញ Sneijder ធ្លាប់ចូលលេងបាន ១៣៤ប្រកួត និងរកគ្រាប់បាល់បាន ៣១គ្រាប់ ព្រមទាំងបានជួយឲ្យក្រុមជម្រើសជាតិហូឡង់ក្លាយជាជើងឯករងព្រឹត្តិការណ៍ FIFA World Cup 2010 នៅប្រទេសអាហ្វ្រិកខាងត្បូង ក្រោយចាញ់អេស្ប៉ាញក្នុងវគ្គផ្ដាច់ព័្រត្រ។
Sneijder បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិហូឡង់
ចំពោះការប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករនេះ Sneijder បានត្រឡប់មកកាន់ទីក្រុង Utrecht វិញដែលជាទីកន្លែងកំណើតរបស់គេ ដោយបំពេញតួនាទីនៅខាងប្រព័ន្ធផ្សព្វផ្សាយឲ្យក្លិប Utrecht FC៕ ប្រភព៖ The Telegraph