ចូលរៀនបាន៣ថ្ងៃ បាត់ខ្លួន៤ថ្ងៃ ពេលរកឃើញ នាងថាមិនស្គាល់អ្នក​ណា​ទាំងអស់​

  • អង្គារ ១៣ សីហា, ២០១៩ ១០:១៥
រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ចេញ​ទៅ​រៀន​សាលា​ភាសា​មួយ​កន្លែង​ក្បែរ​ផ្ទះ ក៏​បាត់​ខ្លួន​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​អស់​រយៈពេល​៤​ថ្ងៃ​មក​ហើយ គិត​ចាប់តាំងពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៨ សីហា ហើយ​ស្ត្រី​ជា​ម្តាយ​និង​ក្រុម​គ្រួ​សារបាន​មក​ដាក់​ពាក្យបណ្តឹង និង​នាំ​គ្នា​ស្វែងរក​កូនស្រី​គ្រប់​ច្រកល្ហក ស្រាប់តែ​ប្រទះ​ឃើញ​នាង​នៅ​លើ​រថយន្តក្រុង​មួយ​គ្រឿង​ក្បែរ​ផ្សារ​អូរ​ឫស្សី បំរុង​ចេញដំណើរ​ទៅ​ខេត្តសៀមរាប ។នៅ​ពេល​ស្ត្រី​ជា​ម្តាយ​និង​ក្រុម​គ្រួសារ​រក​ឃើញ និង​នាំ​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ បែរជា​កូនស្រី​ម្នាក់​ខាងលើ​មិន​ព្រមទៅ និង​និយាយ​ថា «​នាង​មិន​ស្គាល់​អ្នក​ណា​ទាំងអស់​» ទើប​ស្ត្រី​ជា​ម្តាយ និង​ក្រុម​គ្រួសារ​នាំ​នាង​មក​កាន់​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៩ ។ក្មេង​ស្រី​ម្នាក់​ខាងលើ​ឈ្មោះ​ឡេ​ង សុ​ភ័​ក្រ​ធី​ណា អាយុ​១៤​ឆ្នាំ មុខ​របរ​ជា​សិស្ស ស្នាក់​នៅ​ជាមួយ​ម្តាយ​ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការមន ។តាម​ប្រភព​ពី​ស្ត្រី​ជា​ម្តាយ​ឈ្មោះ ភឹ​ម សុ​ភ័​ក្រ អាយុ​៣៣​ឆ្នាំ ជា​បុគ្គលិក​សណ្ឋាគារ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៩ កូនស្រី​របស់​គាត់​បាន​ចេញពីផ្ទះ​ទៅ​រៀន​ភាសា​នៅ​សាលា​ឯកជន​មួយ​កន្លែង​ដែល​នៅ​ក្បែរ​ផ្ទះ​របស់​គាត់​ផង​ដែរ​នោះ​។ លុះ​រហូត​ដល់​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល មិនឃើញ​កូនស្រី​ចេញ​ពីសា​លាមក​វិញ​ផ្ទះ​វិញ​នោះ​ទេ ហើយ​គាត់​ក៏​បាន​មក​តាម​រក​ដែរ តែ​មិនឃើញ ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង នៅ​នរ​គ​របាល​ប៉ុស្តិ៍​ទន្លេបាសាក់​ដើម្បី​ឱ្យ​ជួយ​អន្តរា​គន៍ និង​តាម​ស្វែងរក​កូនស្រី​ផង​ដែរ​។​ស្ត្រីជាម្តាយ​បាន​បន្ត​ថា នៅ​ពេល​បាត់​កូនស្រី​មិនឃើញ​មក​ផ្ទះ និង​ដាក់​ពាក្យបណ្តឹង​រួច​ហើយ គាត់ និង​ក្រុម​គ្រួសារ​ក៏​បាន​នាំ​គ្នា​តាម​ស្វែងរក​គ្រប់​ច្រកល្ហក តាំងពី​ផ្ទះ​ម្តាយក្មេក​នៅ​ឯ​ខេត្តសៀមរាប​, ម្តុំ​កោះ​ពេជ្រ​, ម្តុំ​ផ្សារ​ចាស់​, ម្តុំ​ផ្សារ​កណ្តាល និង​នៅ​តាម​ផ្ទះ​បងប្អូន​របស់​នាងអស់ហើយ នៅ​តែ​រក​មិនឃើញ​ទៀត​។ស្ត្រី​ជា​ម្តាយ​ក៏​បាន​រៀបរាប់​ប្រាប់​បន្ត​ទៀត​ថា លុះ​នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៩ ទើប​កូនស្រី ទាក់ទង​មក​គាត់​តាម​ទូរស័ព្ទ ដោយ​កូនស្រី​បាន​ប្រាប់​ថា «​នាង​កំពុង​តែ​នៅ​ឯ​ខេត្តកំពង់ចាម​» ឯ​ណ្ណោះ ពេល​នោះ​គាត់​ព្យាយាម​ដេញដោល​សួរនាំ​កូនស្រី ។ លុះ​ព្រឹក​ថ្ងៃ​ទី​១២ សីហា ដោយ​ដឹង​ថា កូនស្រី​កំពុង​តែ​ឡើង​ជិះ​រថយន្តក្រុង​មួយ​គ្រឿង ដែល​មាន​ចំណត​ក្បែរ​ផ្សារ​អូរ​ឫស្សី បំរុង​ធ្វើ​ដំណើរ​ចេញ​ទៅ​ខេត្តសៀមរាប ទើប​គាត់​និង​ប្អូនស្រី​ម្នាក់​ទៀត រួម​ជាមួយនឹង​មន្ត្រី នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​បាន​តាម​ទៅ​រក​មើលឃើញ​កូនស្រី​កំពុង​តែ​អង្គុយ​នៅ​លើ​រថយន្តក្រុង​មួយ​គ្រឿង ហើយ​គាត់​ក៏​បាន​ធ្វើការ​លួងលោម និង​ហៅ​កូនស្រី​ឱ្យមក​ផ្ទះ​វិញ តែ​បែរជា​នាង​និយាយ​ថា «​ខ្ញុំ​មិន​ស្គាល់​អ្នក​ណា​ទាំងអស់ និង​មិន​វិល​ត្រឡប់​ទៅ​វិញ​ឡើយ​»​។ស្ត្រី​ជា​ម្តាយ​ក៏​បាន​រៀបរាប់​ឱ្យ​ដឹង​បន្ត​ទៀត​ថា ដោយ​ខ្លាចក្រែង​កូនស្រី​ចាញ់បោក​គេ ឬ​មាន​អ្នក​ណា​ម្នាក់​ធ្វើការ​បញ្ចុះបញ្ចូល ឬ​បោក​បញ្ឆោត​ក្នុង​ផ្លូវ​អាក្រក់​ណាមួយ​នោះ ទើប​គាត់ និង​ប្អូនស្រី​ម្នាក់​ទៀត រួម​ទាំង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដែល​ទៅ​ជាមួយ ក៏​បាន​នាំ​គ្នា​និយាយ​លួងលោម​នាង​អស់​រយៈពេល​យ៉ាង​យូរ ទើប​នាង​យល់ព្រម​មក​កាន់​នគរបាល​ប៉ុស្តិ៍​ទ​ន្ល​បា​សាក់​ជាមួយ​និង​ពួក​គាត់​។ស្ត្រី​ជា​ម្តាយ​បាន​បញ្ជាក់​ថា តាំងពី​តូច​មក គឺ​​កូនស្រី​របស់​គាត់​​រស់នៅ​ជាមួយនឹង​ម្តាយក្មេក​របស់​គាត់​នៅ​ឯ​ខេត្តសៀមរាប​ឯណោះ ហើយ​គាត់​ទើបតែ​យក​កូនស្រី​​មក​រស់នៅ​ភ្នំពេញ​បាន​រយៈពេល​មួយ​ខែ និង​ទើបតែ​អោយ​ចូល​រៀន​នៅ​សាលា​ឯកជន​មួយ​កន្លែង​ខាងលើ​បាន​៣​ថ្ងៃ ក៏​កើត​មានរឿង​បែប​នេះ​តែ​ម្តង​ទៅ​។នៅ​ពេល​ដែល​ស្ត្រី​ជា​ម្តាយ និង​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​ក្មេង​ស្រី​ម្នាក់​ខាងលើ​យក​មក​ដល់​នគរបាល​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់​រួច​ហើយ គេ​ឃើញ​មាន​ជីដូន​ខាង​ម្តាយ​, អ៊ំ​ស្រី​, មីង និង សាច់ញាតិ​ជា​ច្រើន​នាក់​បាន​មក​ដល់​ផង​ដែរ តែ​ក្មេង​ស្រី​នោះ​បាន​ប្រកែក​ថា «​នាង​មិន​ចង់ទៅ​រស់នៅ​ផ្ទះ​ជាមួយ​ម្តាយ​របស់​នាង​វិញ​ឡើយ ហើយ​ក៏​មិន​ចង់ទៅ​រស់នៅ​ជាមួយ​យាយ​ខាង​ឪពុក​នៅ​ឯ​ខេត្តសៀមរាប ហើយ​ក៏​មិន​ចង់ទៅ​រស់នៅ​ផ្ទះ​សាច់ញាតិ​ណា​ម្នាក់​ដែរ ដោយ​នាង​ចង់​ចេញ​ទៅ​ដើរ​រក​ការងារ​ធ្វើ​រកស៊ី​ចិញ្ចឹម​ខ្លួនឯង​តែ​ម្នាក់​ប៉ុណ្ណោះ​» ។ក្រោយ​ពី​មានការ​សម្របសម្រួល​រវាង​ស្ត្រី​ជា​ម្តាយ និង​ក្មេង​ស្រី​ជា​កូន​អាយុ​១៤​ឆ្នាំ​ម្នាក់​ខាងលើ ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​អស់​រយៈពេល​ជា​ច្រើន​ម៉ោង រហូត​ដល់​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៩ ទើប​ក្មេង​ស្រី​ជា​កូន​យល់​ព្រមទៅ​តាម​ម្តាយ ហើយ​សមត្ថកិច្ច​ក៏​ធ្វើការ​ប្រគល់​កូនស្រី​ទៅ​អោយ​ស្ត្រី​ជា​ម្តាយ​យក​ទៅ​ផ្ទះ​វិញ​ផង​ដែរ ៕
ប្រភព៖ កោះសន្តិភាព