ឃាត់ជនជាតិចិន២នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនជាច្រើនកញ្ចប់ ក្រុងព្រះសីហនុ

  • អង្គារ ១៣ សីហា, ២០១៩ ១៣:១៣
(ព្រះសីហនុ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានន​គរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន២នាក់ ពាក់ព័ន្ធជាមួយគ្រឿងញៀន៤កញ្ចប់ នៅក្រុម៩ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ។មន្ត្រីការិយាល័យប្រឆាំងជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហជាមួយនរគបាលក្រុងព្រះសីហនុ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន រហូតឃាត់ខ្លួនបានជនជាតិចិន២នាក់ ជាមួយគ្រឿងញៀន០៤កញ្ចប់។ជនសង្ស័យជាជនជាតិចិនរួមមាន៖*ទី១៖ ឈ្មោះ Wu Ren អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ*ទី២៖ ឈ្មោះ Zhen Yuee ភេទស្រី អាយុ៣០ឆ្នាំ មុខរបរធ្វើការនៅខារ៉ាអូខេ។មន្ត្រីនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងទៀតថា ក្រោយការចាប់ខ្លួន កម្លាំងនគរបាល បានដកហូតវត្ថុតាងរួមមាន ម្សៅពណ៍សជាសារធាតុញៀនចំនួន៤កញ្ចប់ (០២កញ្ចប់ធំ) និងប្រភេទផ្សេងមួយទៀតគឺ CK ចំនួន០៦ កញ្ចប់ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។មន្ត្រីនគរបាលបានបញ្ជាក់ថា បន្ទាប់ពីកម្លាំងជំនាញសាកសួរឈ្មោះ Wu Rin រួចរាល់ហើយ ក៏បន្តនីតិវិធីឈានទៅដល់ឆែកបន្ទប់ជួលដែលមានលេខបន្ទប់៦០៣ ផ្ទះសំណាក់យីហោ ជិន ខាយ យីន នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្រុម ១៧ភូមិ១ សង្កាត់លេខ ២ ក្រុងព្រះសីហនុ បានរកឃើញគ្រឿងញៀនបន្ថែមទៀត។បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ និងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងចាត់វិធានការតាមនីតិវិធីច្បាប់បន្ត៕
ប្រភព៖ freshnews