ជក់ចិត្ត! Liverpool ផ្ដួល Chelsea ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រលើកពាន UEFA Super Cup (មានវីដេអូ)

  • ព្រហស្បតិ៍ ១៥ សីហា, ២០១៩ ០៩:៥៥
តួកគី៖ ការប្រកួតពានរង្វាន់ UEFA Super Cup កាលពីយប់មិញនេះជើងឯក Champions League ក្លិបហង្សក្រហម Liverpool បានយកឈ្នះជើងឯក Europa League តោខៀវ Chelsea ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រ (៥-៤) ក្រោយបញ្ចប់ ១២០នាទី ក្រុមទាំងពីរបានត្រឹមលទ្ធផល ២-២ នៅកីឡដ្ឋាន Vodafone Park ក្នុងទីក្រុង Istanbul ប្រទេសតួកគី។
Salah អបអរការឈ្នះពាន UEFA Super Cup ជាមួយមិត្តរួមក្រុម
ចប់ ៩០នាទី ក្រុមទាំងពីរទទួលបានលទ្ធផល ១-១ ប៉ុណ្ណោះ តាមរយៈការស៊ុតរបស់ Giroud ១គ្រាប់ឲ្យ Chelsea នៅនាទី ៣៦ មុននឹងត្រូវ Liverpool តាមស្មើវិញដោយគ្រាប់បាល់របស់ Mane នៅនាទី ៤៨។  ដោយសារលទ្ធផលស្មើ បានធ្វើឲ្យការប្រកួតនេះឈានដល់ការថែមម៉ោង ១៥នាទីពីរដង ប៉ុន្តែលទ្ធផលនៅតែបន្តស្មើគ្នាដដែល ពោលគឺ ២-២ ដោយ Mane បន្ថែម ១គ្រាប់ទៀតឲ្យ Liverpool នៅនាទី ៩៥ មុនពេល Chelsea តាមស្មើវិញនៅនាទី ១០១ ដោយកាត់ទាត់បាល់ប៉េណាល់ទីរបស់ Jorginho។
សកម្មភាពលើទីលាន
សកម្មភាពលើទីលាន
ឈានដល់វគ្គកាត់សេចក្ដីដោយបាល់ប៉េណាល់ទី ១១ម៉ែត្រ ៤គ្រាប់ដំបូងក្រុមទាំងពីរសុទ្ធតែទាត់ចូលដល់គ្នា ប៉ុន្តែគ្រាប់ចុងក្រោយ Liverpool ធ្វើបានសម្រេច ខណៈ Chelsea ធ្វើមិនបានសម្រេចនោះទេដោយខ្សែប្រយុទ្ធ Tammy Abraham ទាត់ប៉ះជើងរបស់អ្នកចាំទី Liverpool។ គួរបញ្ជាក់ផងដែរថា ជ័យជម្នះកាលពីយប់មិញនេះគឺជាការឈ្នះពាន UEFA Super Cup ជាលើកទីបួនហើយរបស់ Liverpool ក្រោយខកខានអស់រយៈពេល ១៤ឆ្នាំ ខណៈ ៣លើកមុន Liverpool បានឈ្នះក្នុងឆ្នាំ ១៩៩៧, ២០០១ និង ២០០៥ ៕
Liverpool អបអរការឈ្នះពាន UEFA Super Cup ជាលើកទី៤
សូមទស្សនាវីដេអូ Highlight នៃការប្រកួតនៅខាងក្រោម៖