អ្នក​ឃើញ​រឿងហេតុ​មាន​មន្ទិល​ថា មិន​គួរ​សោះ ជើង​ដល់​ការ៉ូ ហេតុ​អ្វី? ផ្អើល​ពេញ​ការដ្ឋាន

  • ព្រហស្បតិ៍ ១៥ សីហា, ២០១៩ ១៦:៥៤
ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចង​.​ក​ឈរជើង​ដល់​ការ៉ូ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​លើ​អគារ​ការដ្ឋាន​សំណង់​មួយ​កន្លែង នៅ​ជាន់​ទី​1 ក្នុង​ទឹកដី​កាស៊ីណូ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​01 សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត នៅ​រសៀល​ថ្ងៃ​ទី​15 ខែសីហា ឆ្នាំ​2019​នេះ​។
សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​នេះ គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចង​.​ក​នឹង​អាវដៃវែង ពណ៌​ក្រហម​ទៅ​នឹង​ជើង​រន្ទា តែ​ជើង ឈរ​ដល់​ការ៉ូ​។តាម​កម្មករ​ដែល​ធ្វើការ​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​ឱ្យ​ដឹង​ថា គ្មាន​នរណា​ដឹង​ពី​មូលហេតុ​និង​ដឹង​ពី​អត្ត​សញ្ញាណ​ជន​រង​គ្រោះ​ឡើយ ហើយ​ជន​រង​គ្រោះ​ក៏​មិនមែន​ជា​កម្មករ​ដែល​ធ្វើការ​ជាមួយ​ពួក​គេ​ផង​ដែរ​។ក្រុម​កម្មករ​បាន​ប្រាប់​បន្ត​ថា នៅ​ជាន់​ទី​01​ថ្ងៃនេះ គ្មាន​កម្មករ​ធ្វើការ​នោះ​ទេ ព្រោះ​ម្នាក់​ៗ​រវល់​នាំ​គ្នា​ទៅ​ធ្វើ​នៅ​ផ្នែក​ខាងក្រោម ហើយ​ជន​រង​គ្រោះ​នេះ ដែល​ត្រូវ​ប្រទះ​ឃើញ ខណៈ​ដែល​ជាង​កាត់​ដែក​ម្នាក់​ពេល​ឡើង​ទៅ​ទីនោះ ក៏​ប្រទះ​ឃើញ​តែ​ម្តង ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។ចំណែក​អ្នក​ឃើញ​ហេតុការណ៍​ខ្លះ​និយាយ​បែប​មន្ទិល​ថា មិន​គួរ​សោះ ព្រោះ​ជន​រង​គ្រោះ​ឈរជើង​ដល់​ការ៉ូ ហេតុ​អ្វី​ក៏​ជន​រង​គ្រោះ​ចង​.​ក​ស្លាប់​បែប​នេះ​។យ៉ាងណា​ក៏​ដោយពេល​នេះ ខាង​កាស៊ីណូ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ដើម្បី​ចុះ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ហើយ​។ ដូច្នេះ​បើសិនជា​មាន​បងប្អូន​ណា​បាត់​សមា​ជិក សូម​ទៅ​កន្លែង​កើតហេតុ​៕ 
ប្រភព៖ កោះសន្តិភាព