បុគ្គលិកធនាគារអភ័ព្វម្នាក់ ត្រូវជនអនាមិកជិះម៉ូតូជះទឹកអាស៊ីតដាក់ ដោយគ្មានមូលហេតុសោះ!

ម៉ាឡេស៊ី៖ សព្វថ្ងៃនេះ សូម្បីតែដើរតាមផ្លូវក៏ពុំសូវមានសុវត្ថិភាពដែរ ពោលគឺ តែងតែមានករណីឆក់ប្លន់កើតឡើងជាញឹកញាប់មិនថានៅពេលថ្ងៃត្រង់ក៏ដោយ។ជាក់ស្តែង កាលពីថ្ងៃទី១៤ ខែសីហា កន្លងទៅនេះ មានបុគ្គលិកធនាគារដ៏អភ័ព្វម្នាក់ បានឆ្លងផ្លូវ Jalan Burma ក្នុងរដ្ឋ Penang ប្រទេសម៉ាឡេស៊ី ក៏ត្រូវជនអនាមិកពីរនាក់ជិះម៉ូតូជះទឹកអាស៊ីតដាក់ បណ្តាលឱ្យនាងរងរបួសយ៉ាងធ្ងន់ធ្ងរ។ជនរងគ្រោះវ័យ ៤៨ឆ្នាំរូបនេះ ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះបន្ទាន់។ ឆ្លងកាត់ការត្រួតពិនិត្យរបស់គ្រូពេទ្យ  បានបញ្ជាក់ថា នាងរងរបួសយ៉ាងធ្ងន់ធ្ងរលើដៃ ភ្លៅខាងឆ្វេង និងមុខរបស់នាង។
រូបថតជនរងគ្រោះត្រូវជនអនាមិកជះទឹកអាស៊ីតដាក់
រូបថតជនរងគ្រោះត្រូវជនអនាមិកជះទឹកអាស៊ីតដាក់
យ៉ាងណាមិញ មិនយូរប៉ុន្មានសមត្ថកិច្ចក៏បានមកដល់មន្ទីរពេទ្យ ហើយក៏បានសួរនាំជនរងគ្រោះ។ ជនរងគ្រោះបាននិយាយថា នាងមិនបានចំណាំមុខជនបង្កនោះទេ ព្រោះតែឧប្បត្តិហេតុនេះកើតឡើងលឿនពេក ហើយនាងគ្រាន់តែដឹងថា ជនបង្កពាក់អាវយឺតខ្មៅ ស្លៀកខោជើងវែង មានមាឌមធ្យម និងពាក់មួកការពារសុវត្ថិភាពបាំងមុខជិតអស់ទៀត។បន្ថែមពីនេះទៀត ជនរងគ្រោះក៏បានរៀបរាប់ទៀតថា នាងពុំដែលមានជម្លោះ ឬសត្រូវជាមួយអ្នកណាពីមុននោះទេ។យ៉ាងណាមិញ ពេលនេះសមត្ថកិច្ចក៏បាននិងកំពុងតែស៊ើបអង្កេតចំពោះករណីមួយនេះផងដែរ ហើយពួកគេនឹងពិនិត្យកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុដើម្បីតាមចាប់ជនបង្កមកផ្តន្ទាទោសតាមច្បាប់៕តើប្រិយមិត្តយល់យ៉ាងណាដែរ?