ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែសីហា នៅប្រទេសកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ទៅតាមតំបន់ !

  • សុក្រ ១៦ សីហា, ២០១៩ ១៣:០២
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែសីហានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា សម្រាប់រយៈពេលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ដោយបញ្ជាក់នៅរយៈពេលនេះ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន តាមតំបន់។ក្រសួងធនធានទឹកបញ្ជាក់ថា ដោយសារឥទ្ធិពលខ្យល់មូសសុងនិរតី ធ្វើឲ្យ៖១៖ បណ្តាខេត្តនៅភាគខាងក្រោម នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។ ២៖ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា បណ្តាខេត្តនៅភាគខាងកើតជាប់នឹងប្រទេសវៀតណាម នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម និងចាប់ពីថ្ងៃទី១៩-២២ ខែសីហា ភ្លៀងនឹងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ និងផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន។ ៣៖ បណ្តាខេត្តចាប់ពីភាគកណ្តាល ទៅភាគខាងលើ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងចាប់ពីថ្ងៃទី១៩ ដល់ ២២ ខែសីហា ភ្លៀងនឹងធ្លាក់ពីមធ្យមទៅបង្គួរ។ ៤៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ មានខេត្តកោះកុង និងព្រះសីហនុ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម និងចាប់ពីថ្ងៃទី១៩ ដល់ ២២ ភ្លៀងនឹងធ្លាក់ពីមធ្យមទៅបង្គួរ៕
ប្រភព៖ Freshnews