បុរសជាប់រូងភ្នំនិយាយទាំងទឹកភ្នែកថា «អ្វីៗដែលខ្ញុំហ៊ានប្រថុយក៏ព្រោះបំណុល»

  • សុក្រ ១៦ សីហា, ២០១៩ ១៤:១១
ខេត្តបាត់ដំបង ៖ ​​​បុរស​​រង​គ្រោះដែល​បាន​​ជាប់​​​កន្លៀត​​ថ្ម​​ក្នុងរូងភ្នំ គិតត្រឹមថ្ងៃទី១៤ សីហា ​គឺនៅ​​សម្រាក​​ព្យា​បាល​ក្នុង​មន្ទីរពេទ្យ​បង្អែក​​ខេត្តបាត់ដំបង គឺ​​បាន​រយៈ១​ស​ប្តា​ហ៍មក​ហើយ ​ហើយអាការៈរបួស​គាត់ ក៏​បាន​ធូរស្បើយខ្លះ​ៗផង​ដែរ ដោយនៅតែ​រង់​ចាំតែខាង​​គ្រូពេទ្យ​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ​ ដែល​គាត់អាចនៅ​​ប្រហែល​១​អាទិត្យ​ទៀត គឺជា​សះស្បើយ​ទាំងស្រុងហើយ​ ។
ជួបជាមួយកោះសន្តិភាព ជនរងគ្រោះ​​ស៊ុម បូ​រា បាន​បង្ហាញ​ខ្លះ​ៗក្នុង​បន្ទុក​ក្រុម​គ្រួសាររបស់គាត់ ដែល​​បញ្ហា​សំខាន់គឺនៅ​ពេល​ដាច់​ខែ​ម្តង​ៗ ខ្ញុំ​ត្រូវ​តែ​រក​លុយ​ទៅ​ដោះ​ថ្លៃ​ជំពាក់​គេ​ប្រចាំខែ ​​និង​ខ្ចី​ពីធនាគារ និង​អង្គ​ការ​ឯក​ជន​ ដើម្បី​ដោះស្រាយ​ដើមទុន ​សម្រាប់​ប្រកបរបរ​ប្រចាំ​ថ្ងៃ ។ ​លោក​បាន​​និយាយទាំង​អួល​ដើម.ក និងទាំងទឹក​ភ្នែក​​​ថា «​ដែល​ខ្ញុំហ៊ាន​ប្រថុយ​បែប​នេះ (កើបអាចម៍ប្រចៀវក្នុងរូងភ្នំ) ក៏ព្រោះ​ចង់​បានចំណូល ​ព្រោះតែ​ខ្ញុំបាន​ខ្ចី​លុយ​បន្តិចបន្តួច​ពី​អ្នក​ជិតខាង​ផង ​ពី​អង្គការ​ឯកជន​ខ្លះ​ៗផង ដើម្បី​បង្គ្រប់​ជីវ​ភាព​ប្រចាំ​ថ្ងៃ ហើយក៏​ចង់រក​​របរ​ណាមួយ​ ដែល​អាច​ធានា​ជីវភាព​របស់ខ្ញុំ​បានជា​រៀងរាល់ថ្ងៃនេះ ​ដោយ​ក្នុង​ដើមខែ​កន្លង​មក​នោះ​ ខ្ញុំ​បាន​នៅ​ជំពាក់​លុយ​គេ​ចំនួន​១​លាន​ទៀត នៅ​ពេល​ដាច់​ខែ​ត្រូវ​តែ​ដោះ​បំណុល​សង​គេ​ឱ្យបានអស់ ។
ប្រភពបន្តថា ចំពោះ​ការងារ​កើប​អាចម៍​ប្រចៀវ​នេះ មិនមែន​ជា​មុខរបរ​ប្រចាំ​សម្រាប់​ខ្ញុំ​ឡើយ ដោយ​ខ្ញុំ​ចូល​ទៅ​យក​អាចម៍​ប្រចៀវ​ផ្សែផ្សំ​លក់​ម្តង​រួច​មក​ហើយ បាន​១​តោនលក់​ឲ្យ​តាម​គេ​កុម្ម​ង់​ទទួល​បានជា​លុយ​៤០​ម៉ឺន​រៀល ហើយ​បាន​គិត​ថា អាច​រកបាន​៣​តោន​ក្នុង​ខែ​នេះ អាច​ដោះ​សង​គេ​បាន​រួច ព្រោះ​នេះ​ជា​ចំណែក​មួយពីក្រុម​គ្រួសារ​ ខ្ញុំ​ត្រូវ​បាន​សាងសង់​ផ្ទះ​នៅ​ដោយ​ខ្លួនឯង ដែល​ម្តាយ​ខ្ញុំ​បាន​ជួយ​ឈើ​រនាប​មក​ខ្លះ​ៗឲ្យ​បាន​​សមរម្យ​បន្តិច ដែល​ម៉ែ​បាន​ចែក​ដី​ឲ្យ​ចំនួន​៣​រ៉ៃ​មកឱ្យ​រស់នៅ​ដោយឡែក​នេះ ។
​សូមរម្លឹកថា ហេតុការណ៍​ដែល​គាត់ជាប់ក្នុងរូងភ្នំនោះ បាន​​កើតឡើង​តាំងពី​ថ្ងៃ​ទី​០៤​ សីហា មកម្ល៉េះ ស្ថិត​ក្នុង​រូង​ភ្នំ​ហុង​ទឹក ស្ថិត​នៅ​ភូមិ​ហុង​ទឹក ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ដែល​​ជន​រងគ្រោះមាន​​​ឈ្មោះ ស៊ុម បូ​រា អាយុ​២៨​ឆ្នាំ រស់នៅ​ភូម​ទឹកថ្លា ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ខណៈ​គាត់​ចូលទៅកើបអាច​ម៍​ប្រចៀវ​យក​ទៅ​លក់ តែ​អកុសល​អាក្រក់ គាត់​បានធ្លាក់​កៀប​ជាប់​ក្នុង​រូងភ្នំ​នោះ​តែ​ម្តង ដោយ​គ្មាន​អ្នក​ណា​ម្នាក់​បានដឹងទេ ​សូ​ម្បី​ទាំង​ក្រុម​គ្រួសារ ក៏​ឆ្ងល់​បាន​បាត់​​គាត់​ពី​ផ្ទះ​ផង​ដែរ។ព័ត៌មានបន្ថែម​កោះសន្តិភាពនឹងមានផ្សាយជូន​បន្ត ។
ប្រភព៖ កោះសន្តិភាព