អ្នកណា ហ្វេននាងខ្លះ? ទាំងស្អាត ទាំងរៀនពូកែ ស្រីនា អតីតសិស្សនិទ្ទេស A មកនិយាយបទពិសោធន៍រៀន ហើយធ្វើ Vlogger កំពុងផ្ទុះខ្លាំង (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាធ្លាប់បានស្គាល់រួចមកហើយ យុវតីដ៏ស្រស់ស្អាត ដែលធ្លាប់ជាអតីតសិស្សពូកែ ទទួលបាននិទ្ទេស A ក្នុងលំដាប់ពិន្ទុ ៩៩.៩៦៥ កាលពីឆ្នាំ ២០១៨ ថ្មីៗនេះនាងបានបង្ហាញមុខ នៅក្នុងវីដេអូប្លែកៗជាច្រើន លើបណ្ដាញអ៊ីនធើណែត ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់មិត្តយុវវ័យ។ក្មេងស្រីដ៏គួរឲ្យស្រលាញ់ ពោរពេញដោយកាយវិការក្រមិចក្រមើមម្នាក់នេះ គ្មានអ្នកណាក្រៅពីកញ្ញា Youtuber  ឬក៏ Vlogger ដែលមានឈ្មោះថា ស្រីនា នោះទេ។ ជឿជាក់ថាប្រិយមិត្តប្រាកដជា ធ្លាប់បានស្គាល់នាងរួចមកហើយ តាមរយៈវីដេអូផ្សេងៗ រួមទាំងបទអត្ថបទព័ត៌មានជាច្រើន ដែលរៀបរាប់ពីជីវិតជាសិស្សពូកែរបស់នាង កំឡុងពេលដែលនាងទើបតែប្រឡងចប់ថ្មីៗ។ ប៉ុន្តែសម្រាប់អត្ថបទថ្មីមួយនេះ ខ្មែរឡូតនឹងបង្ហាញប្រិយមិត្តទាំងអស់គ្នា ឲ្យបានស្គាល់រូបនាងកាន់តែច្បាស់បន្ថែមទៀត។
រូបភាព ស្រីនា
ថ្វីត្បិតតែស្រីនា មានវ័យទើបតែ ១៩ឆ្នាំមែន ប៉ុន្តែក្មេងស្រីម្នាក់នេះ ពិតជាមានគំនិត និងគោលដៅក្នុងជីវិតយ៉ាងច្បាស់លាស់។ នាងបានប្រើប្រាស់ពេលវេលា ក្នុងវ័យជំទង់ជាមួយនឹងការសិក្សា រហូតទទួលបានភាពជោគជ័យ ដែលនេះជាអ្វីដែលយុវវ័យសម័យថ្មី គួរតែយកគំរូតាម។ យ៉ាងណាមិញ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យយ៉ាងជោគជ័យ ស្រីនាក៏នៅតែមមាញឹកនឹងការងារថ្មីៗជាហូហែ។ ជាក់ស្ដែង នាងពិតជាមិនបណ្ដោយឲ្យខ្លួនឯង មានពេលវេលាទំនេរចោលនោះឡើយ។ ដូចជាសុភាសិតមួយលើកឡើងថា «ចង់ធំឲ្យខំពីតូច» ដែលក្នុងន័យនេះបានបង្ហាញថា ប្រសិនបើចង់ទទួលបានភាពជោគជ័យនៅថ្ងៃអនាគត យើងគួរគប្បីខិតខំប្រឹងប្រែង សិក្សាឬធ្វើការងារ តាំងពីបច្ចុប្បន្ននេះទៅ។ ជាការពិតណាស់ មនុស្សជោគជ័យភាគច្រើន រមែងជាមនុស្សដែលមិនបណ្ដោយពេលវេលាចោលអត់ប្រយោជន៍ ផ្ទុយទៅវិញ ពួកគេជាមនុស្សដែលចេះបែងចែកពេលវេលា ធ្វើអ្វីដែលមានប្រយោជន៍សម្រាប់ជីវិតពួកគេ ជាបណ្ដើរៗ រហូតអាចរកផ្លូវទៅដល់គោលដៅ ដែលពួកគេប្រាថ្នា។
រូបភាព ស្រីនា
ម៉្យាងវិញទៀត ស្រីស្អាតវ័យក្មេងរូបនេះ បានប្រាប់ខ្មែរឡូតទៀតថា បច្ចុប្បន្ននាងកំពុងតែបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ ដោយជ្រើសរើសយកជំនាញផ្នែក​ Business​។ ចំណែកការងារជា Youtuber ការថត និងកាត់តវីដេអូ ដើម្បីចែករំលែកចំណេះដឹងថ្មីៗ ជូនមិត្តៗយុវវ័យនោះ នាងក៏នៅតែបន្តធ្វើជាប្រចាំ ព្រោះវាជាអ្វីដែលនាងស្រលាញ់ចូលចិត្តបំផុត។ លើសពីនេះទៅទៀត អតីតសិស្សនិទ្ទេស A រូបនេះបានលួចបង្ហើបទៀតថា នាងត្រៀមនឹងបើក Business ផ្ទាល់ខ្លួន ជាហាងសម្អាងការមួយ នៅចុងឆ្នាំ ២០១៩នេះទៀតផង។
រូបភាព ស្រីនា
អនាគតថៅកែស្រីវ័យក្មេងរូបនេះបានបន្តថា ទោះបីជានាងរវល់ច្រើន ទាំងការគ្រប់គ្រងហាង ទាំងការជួយការងារមុខជំនួញរបស់ម្ដាយ ​និងការធ្វើវីដេអូថ្មីៗក៏ពិតមែន ប៉ុន្តែបញ្ហាទាំងនេះ មិនមែនជាឧបសគ្គក្នុងការសិក្សាសម្រាប់នាងឡើយ។ ផ្ទុយទៅវិញ ស្រីនា បានបង្ហាញការប្ដេជ្ញាចិត្តថា នាងនឹងខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យបានចប់ចុងចប់ដើម ទោះបីប្រឈមមុខនូវភាពមមាញឹកយ៉ាងណាក្ដី។
រូបភាព ស្រីនា
ជាចុងក្រោយ នាងក៏បានផ្ដាំផ្ញើពាក្យជូនពរមួយចំនួន តាមរយៈកិច្ចសម្ភាសន៍ខ្លីជាមួយខ្មែរឡូត ទៅកាន់មិត្តៗយុវវ័យ ក៏ដូចជាអ្នកដែលនិយមចូលចិត្ត និងគាំទ្ររូបនាង ពិសេសសិស្សានុសិស្ស ដែលត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ សូមទទួលបានភាពជោគជ័យ បាននិទ្ទេសល្អ ដូចដែលចង់បានគ្រប់ៗគ្នា៕ចង់ដឹងថា តើស្រីនា និយាយអ្វីខ្លះ? ហើយមានភាពគួរឲ្យស្រលាញ់កម្រិតណានោះ? តោះមកទស្សនាវីដេអូ កិច្ចសម្ភាសន៍ផ្ទាល់ជាមួយនាងខាងក្រោមនេះ ៖