ក្រសួងអប់រំ៖ បេក្ខជនមួយចំនួន មានបញ្ហាសុខភាព ពេលកំពុងដំណើរការប្រឡង

  • ច័ន្ទ ១៩ សីហា, ២០១៩ ០៨:៣៧
(ភ្នំពេញ)៖ ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កំពុងតែដំណើរការនៅព្រឹកថ្ងៃដំបូង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ នៅគ្រប់មណ្ឌលប្រឡងទូទាំងប្រទេសនោះ ក៏មានបេក្ខជនមួយចំនួនមានបញ្ហាសុខភាពផងដែរ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្នុងពេលនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយ សង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល។ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)៕
ប្រភព៖ Freshnews