ប្រុងប្រយ័ត្ន! អ៊ុំប្រុសម្នាក់អុជបារីជក់ បណ្ដាលឲ្យផ្ទុះឆេះហ្គាសដែលកំពុងធ្លាយ

ម៉ាឡេស៊ី៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ នៅវាលាម៉ោង៨:០០នាទីព្រឹក មានករណីផ្ទុះហ្គាស បណ្ដាលឲ្យឆាបឆេះ បាក់ជញ្ជាំងផ្ទះ។ ហេតុការណ៍នេះបានកើតឡើងនៅ ផ្ទះល្វែងមួយកន្លែងស្ថិតក្នុងរដ្ឋ Penang ប្រទេសម៉ាឡេស៊ី។ប្រភពបានឲ្យដឹងថា អ៊ុំប្រុសម្នាក់វ័យ៦២ឆ្នាំ បានអង្គុយក្នុងបន្ទប់ទទួលភ្ញៀវអុជបារីជក់បណ្ដាលឲ្យហ្គាសផ្ទុះឆាបឆេះពេញផ្ទះ។ នៅក្នុងផ្ទះនោះ មានកូនប្រុស កូនប្រសារស្រីដែលកំពុងមានផ្ទៃពោះ និងចៅប្រុសម្នាក់របស់គាត់។
ទិដ្ឋភាពផ្ទះបន្ទាប់ពីឆេះរួច
ទិដ្ឋភាពផ្ទះបន្ទាប់ពីឆេះរួច
លោក លី ដែលជាកូនប្រុសរបស់អ៊ុំប្រុសបានឲ្យដឹងថា ខណៈពេលនោះ​ គាត់និងប្រពន្ធ ព្រមទាំងកូនរបស់គាត់កំពុងដេកក្នុងបន្ទប់ ស្រាប់តែបានឮសូរសំឡេងផ្ទុះ ក៏ស្ទុះចេញពីបន្ទប់។ បន្ទាប់មក ទើបឃើញឪពុករបស់គាត់កំពុងឈរនៅក្នុងបន្ទប់ទទួលភ្ញៀវដែលគ្របដណ្ដប់ទៅដោយផ្សែងភ្លើង។ ឪពុករបស់គាត់ត្រូវរបួសរបកស្បែក និងសក់ត្រូវបានភ្លើងឆេះ។
អ៊ុំប្រុសរងរបួស
ប្រភពបានបន្ដថា ការឆាបឆេះនេះ បានបំផ្លាញទ្រព្យសម្បត្តិអស់យ៉ាងច្រើន និងសម្ភារក្នុងផ្ទះមួយចំនួនត្រូវបានធ្លាក់ចុះទៅក្រោម។ ក្រុមពន្លត់អគ្គិភ័យបានសន្និដ្ឋានថា ភ្លើងឆេះដោយសារ អ៊ុំប្រុសអុជបារីជក់បណ្ដាលឲ្យហ្គាសដែលកំពុងធ្លាយឆាបឆេះបែបនេះ។ ជាសំណាង ភ្លើងមិនបានឆេះរាលដាលទៅដល់ផ្ទះអ្នកជិតខាង។យ៉ាងណាមិញ អ៊ុំប្រុសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងកូនៗ ព្រមទាំងចៅរបស់គាត់មិនបានរងរបួសអ្វីនោះទេ៕រូបភាព៖ China Press