ទ្វារមណ្ឌលប្រឡង២០២មណ្ឌល ស្មើ៤៧២៥បន្ទប់ បន្តបើកទទួលបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុប សម្រាប់ថ្ងៃទី២

  • អង្គារ ២០ សីហា, ២០១៩ ០៨:១០
(ភ្នំពេញ)៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២០ ខែសីហា​ ឆ្នាំ២០១៩នេះ ការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានដំណើរការបន្តសម្រាប់ថ្ងៃទី២ ដែលជាថ្ងៃចុងក្រោយផងដែរ។នៅថ្ងៃទី២នេះ ទ្វារមណ្ឌលប្រឡងចំនួន២០២មណ្ឌល ដែលស្មើនឹង៤៧២៥បន្ទប់ ត្រូវបានបើកទទួលបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុប ដូចកាលពីថ្ងៃទី១៩ ខែសីហាម្សិលមិញផងដែរ។សម្រាប់ដំណើរការសំណេរនាព្រឹកនេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺអក្សរសាស្ត្រខ្មែរ និងរូបវិទ្យា ហើយសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម គឺគណិតវិទ្យា និង សីលធម៌-ពលរដ្ឋវិជ្ជា។ ដោយឡែកសម្រាប់ពេលរសៀល ថ្នាក់វិទ្យាសាស្ត្រប្រឡងមុខវិជ្ជា គណិតវិទ្យា ​និងថ្នាក់វិទ្យាសាស្ត្រសង្គម ប្រឡងមុខវិជ្ជា អក្សរសាស្ត្រខ្មែរ។នៅថ្ងៃម្សិលមិញ ដែលជាថ្ងៃទី១ នៃការប្រឡងបាក់ឌុប ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា មានដំណើរការល្អ និងដោយរលូន ហើយមិនមានបាតុភាព មិនមានភាពខុសប្រក្រតីធំដុំកើតឡើង គួរឲ្យកត់សម្គាល់ឡើយ។នៅថ្ងៃទី១ បេក្ខជនប្រឡងសរុបមានចំនួន ១១៧,០៤៣នាក់ ស្រី៦០៤២៧ នាក់ និងបេក្ខជនអវត្តមានសរុបចំនួន ១៧៤៥នាក់ (១.៤៩%) ស្រី ៦៧៨នាក់។ បេក្ខជនមានបញ្ហាសុខភាពមានចំនួន៤៣ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម។ មានតែបេក្ខជន០១រូបប៉ុណ្ណោះ ដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលមិនអាចបន្តការប្រឡងបាន៕
ប្រភព៖ Freshnews