គ្រាប់ពេជ្រកំពុងច្នៃ!! Barcelona រៀបចំប្រគល់កីឡាករវ័យក្មេងមួយរូបឲ្យ Marseille ដើម្បីទៅក្រេបយកបទពិសោធន៍

  • អង្គារ ២០ សីហា, ២០១៩ ០៩:៤៩
អេស្ប៉ាញ៖ ក្រោយទិញចូលកីឡាករខ្សែការពារឆ្វេង Junior Firpo មកប៉ះប៉ូវកន្លែងលេងរបស់ Jordi Alba ពេលនេះក្លិបអ្នកមានបុណ្យ Barcelona កំពុងតែរៀបចំក្នុងការដាក់កីឡាករយុវជនជម្រើសជាតិអេស្ប៉ាញ Juan Miranda ទៅឲ្យក្លិបនៅបារាំង Marseille ក្រោមលក្ខខណ្ឌខ្ចីជើង។
កីឡាករ Juan Miranda
ក្លិបទាំងពីរបានពិភាក្សាគ្នារួចរាល់ជុំវិញការអនុញ្ញាតឲ្យ Miranda ផ្លាស់ទៅលេងនៅទឹកដីបារាំង Marseille ក្នុងលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ ដោយមិនមានសិទ្ធិក្នុងការទិញផ្ដាច់នោះទេ។ តាមពិតទៅមានក្លិបជាច្រើនចាប់អារម្មណ៍ចង់បានកីឡាករវ័យ ១៩ឆ្នាំ Miranda បូករួមទាំង Juventus ប៉ុន្តែក្លិបទាំងអស់នោះចង់ទិញយកតែម្ដង។ យ៉ាងណាមិញ ក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ Barcelona មិនចង់លក់រូបគេនោះទេ ដោយចង់ឲ្យគេទៅចូលរួមជាមួយក្លិបណាមួយក្រោមលក្ខខណ្ឌខ្ចីជើង ដើម្បីស្រូបយកបទពិសោធន៍ ហើយនឹងត្រឡប់មកជួយ Barcelona វិញ។
កីឡាករ Juan Miranda
នាយកផ្នែកកីឡារបស់ Barcelona ជឿជាក់ថាខ្សែការពារឆ្វេងវ័យក្មេងរូបនេះ នឹងទទួលបានបទពិសោធន៍លើទីលានពីការដាក់ឲ្យក្លិបផ្សេងខ្ចីជើង ហើយមកជួយក្លិបដើមវិញ៕ប្រភព៖ Marca