ស្ករបង្កជំងឺទឹកនោមផ្អែម តែបើឈប់ញ៉ាំ តើរាងកាយយើង ​​មាន​បញ្ហា​អី​ខ្លះ?

មាន​ការអះអាង​ជាច្រើនបញ្ជាក់​ថា ការ​ញ៉ាំ​ជាតិ​ស្ករច្រើនមិនល្អ​សម្រាប់​សុខភាព​ និង​បង្ក​ជំងឺ​​ច្រើន​ ពិសេស​ជំងឺ​ទឹកនោមផ្អែម ​ជំងឺ​ធាត់ ឬលើស​ទម្ងន់។ ដូច្នេះដើម្បី​បញ្ចៀស​ជំងឺ និង​បញ្ហា​សុខភាព​នានា អ្នកជំនាញ​ណែនាំ​ឲ្យ​ញ៉ាំស្ករ​ក្នុង​បរិមាណ​តិច ហើយ​ក៏មាន​មនុស្ស​មួយ​ចំនួន តម​ការ​ញ៉ាំ​ជាតិ​ស្ករ​ផងដែរ។ការឈប់​ញ៉ាំ​ជាតិស្ករ មាន​ផលប៉ះពាល់​មួយ​ចំនួនទាំង​វិជ្ជមាន និង​អវិជ្ជមាន។ ពេល​យើង​ឈប់​ញ៉ាំ​ជាតិ​ស្ករ ដំបូងយើង​នឹង​ឃ្លាន និង​គិតដល់​ចំណី​អាហារ ដោយសារ​ខួរក្បាល​ត្រូវការ​ជាតិស្ករ ដើម្បី​ដំណើរការ​ល្អ។ ក្នុងស្ថានភាព​ខ្សោយ​ថាមពល ខួរក្បាល​ព្យាយាម​រក្សា​ឲ្យ​យើង​រស់រាន ដូច្នេះ​យើង​ទទួល​សញ្ញា​ថា ខួរក្បាល​ត្រូវការ​ថាមពលដែល​បាន​មកពី​អាហារ។​បើ​​ឈប់​ញ៉ាំ​ជាតិស្ករ​ទាំងស្រុង ខួរក្បាល​នឹងក្លាយជា​សីរាង្គ ដែល​រងការ​ប៉ះពាល់​ជាងគេ។ ពេលនោះ យើង​នឹង​មាន​អារម្មណ៍ឆេវឆាវ ខ្សោយ​ថាមពល និង​គ្មាន​ការ​ផ្ដោត​អារម្មណ៍ ដោយសារ​ខួរក្បាល ពុំទទួល​បាន​ប្រភព​ថាមពល។ ប៉ុន្ដែជាបន្ដបន្ទាប់ ខួរក្បាល​អាច​សម្រប​ដោយ​ប្រើ​ប្រភព​ថាមពល​ផ្សេង​ជំនួស​វិញ ដែល​វា​អាច​ចំណាយ​ពេល​ច្រើន​ថ្ងៃ ឬសប្ដាហ៍ ដើម្បី​សម្រប​បាន។ទោះយ៉ាងណា ការ​ញ៉ាំស្ករ​តិច អាច​ល្អ​សម្រាប់​បេះដូង និង​ក្រពះ។ សុខភាព​បេះដូងអាច​ល្អប្រសើរ​ក្នុង​ចំណោម​មនុស្ស​មួយ​ចំនួន ដែល​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ។ វាក៏​អាច​ជួយ​ដល់​ស្ថានភាព​ផ្សេង​ទៀតដូចជា​ បញ្ហា​ជាតិ​ខ្លាញ់​ក្នុង​ថ្លើម។ ជាមួយ​គ្នានេះវាក៏​ជួយ​ដល់​ការ​រំលាយ​អាហារ​ផងដែរ ព្រោះ​ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​ពោះវៀន។ ការ​កាត់បន្ថយ​ការញ៉ាំ​ជាតិស្ករ ក៏​បាន​ធ្វើឲ្យ​មនុស្ស​មួយ​ចំនួន​ស្រក​ទម្ងន់​ផងដែរ។តាមពិត​ទៅការញ៉ាំ​ជាតិ​ស្ករជួយ​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​បង្ក​ឲ្យ​មាន​ការបញ្ចេញ​អាំងស៊ុយលីន ដែល​ជាអ័រម៉ូន​ជំរុញ​ការ​បញ្ចូន​ជាតិស្ករ​ទៅផ្នែក​ផ្សេងទៀតនៃ​រាងកាយ។ ការញ៉ាំក៏​ជួយ​ឲ្យ​ខួរក្បាល និង​សាច់ដុំ​នានា ដំណើការ​បាន​ល្អ​ផងដែរ ប៉ុន្ដែ​វាមាន​រយៈពេលប្រមាណ ៩០​នាទី​ប៉ុណ្ណោះ ដោយសារ​ក្រោយមកជាតិ​ស្ករ​ក្នុង​រាងកាយ​យើងបាន​ធ្លាក់ចុះ​វិញ។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet