ប្រឡងបាក់ឌុប៖ ទោះបីភ្លៀងធ្លាក់នៅតាមមណ្ឌលប្រឡងមួយចំនួន ប៉ុន្ដែបរិយាកាសនៅតែស្ងប់ស្ងាត់ ខណៈសន្ដិសុខត្រូវបានធានាយ៉ាងល្អប្រសើរ

  • អង្គារ ២០ សីហា, ២០១៩ ១២:៥៦
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នៅតាមមណ្ឌលប្រឡងមួយចំនួន មានភ្លៀងបន្ដិចបន្ទួច ប៉ុន្ដែមិនបានប៉ះពាល់ដល់ដំណើរប្រឡងនោះទេ ពោលការប្រឡងត្រូវបានដំណើរការយ៉ាងរលូនដូចធម្មតា។ក្រសួងអប់រំ បានបញ្ជាក់ទៀតថា ស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់នៅតាមមណ្ឌលប្រឡងទាំងអស់ ត្រូវបានធានាយ៉ាងមានរបៀបរៀបរយ មិនមានបញ្ហាអ្វីដែលរាំងស្ទះដល់ការប្រឡងនោះឡើយ។បើតាមកាលវិភាគកំណត់ វិញ្ញាសាទី២ សម្រាប់ការប្រឡងនៅព្រឹកថ្ងៃទី២នេះ ចាប់ផ្ដើមពីម៉ោង០៩៖៣០នាទី ដល់ម៉ោង១១៖០០នាទី ដោយថ្នាក់វិទ្យាសាស្ដ្រ ប្រឡងរូបវិទ្យា និងថ្នាក់វិទ្យាសាស្ដ្រសង្គម ប្រឡងសីលធម៌-ពលរដ្ឋវិជ្ជា។ប៉ុន្ដែទោះជាយ៉ាងណា ក៏នៅបន្ដមានបេក្ខជនមួយចំនួនមានបញ្ហាសុខភាពផងដែរ ប៉ុន្ដែក្នុងពេលនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល។សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)៕
ប្រភព៖ Freshnews