លោកយាយខំសន្សំលុយទុកក្នុងទូយូរឆ្នាំពេក ដល់បើកមើលម្តង ចង់ខ្យល់ចាប់ ព្រោះតែត្រូវកណ្ដៀរស៊ីរហែកអស់មិនស្ទើរ (មានវីដេអូ)

ចិន៖ លោកយាយជនជាតិចិនម្នាក់ បានធ្វើឲ្យមហាជនជាច្រើនហាក់សម្តែងការសោកស្តាយ និងអាណិតដល់គាត់ជាពន់ពេក ក្រោយត្រូវបានគេដឹងថា សត្វកណ្ដៀរចង្រៃស៊ីរហែកលុយអស់មិនចេះតិច ដែលរូបគាត់ខំប្រឹងសន្សំទុកក្នុងទូអស់ពេលជាយូរខែឆ្នាំ។ បើយោងតាមប្រភពសារព័ត៌មានចិន លោកយាយវ័យចំណាស់ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Liu រស់នៅក្នុងតំបន់ស្វយ័ត Gunagxi ប្រទេសចិន។ លោកយាយ Liu បានខិតខំសន្សំលុយទុកក្នុងទូ (ទូឈើសម្រាប់ដាក់អីវ៉ាន់) ក្នុងផ្ទះរបស់គាត់ អស់រយៈពេលជាង១ឆ្នាំទៅហើយ ព្រោះតែរូបគាត់គិតថា ការទុកដាក់លុយនៅកន្លែងនោះ គឺមានសុវត្ថិភាព។
ប៉ុន្តែមិនថាយ៉ាងណា កាលពីថ្មីៗនេះ ពោលគឺកាលពីថ្ងៃច័ន្ទ សប្តាហ៍មុននេះ លោកយាយ Liu ក៏បានបើកទ្វារទូនោះរើមើល និងដំបូងឡើយបានឃើញថា លុយកាក់របស់គាត់ដែលបានទុកដាក់នោះ ហាក់មានសុវត្ថិភាពល្អ ប៉ុន្តែក៏មានសត្វកណ្ដៀរជាច្រើនក្បាលនៅពីលើ និងរញ៉េរញ៉ៃពេញក្នុងទូផងដែរ។ តែក្រោយមក នៅពេលដែលគាត់រើយកលុយមកមើល ទើបចង់គាំងបេះដូង ដោយសារតែ លុយនោះភាគច្រើនត្រូវកណ្ដៀរកាត់ ឬស៊ីសឹងតែទាំងអស់តែម្តង។ លុយខ្លះហាក់ស៊ីតិចតួច ឯលុយខ្លះទៀតក៏បានខូចខាតទាំងស្រុង។ ប្រភពដដែលបន្តថា លុយរបស់លោកយាយ Liu ត្រូវបានគេប៉ាន់ប្រមាណបានថា មានប្រហែលជា ១០,០០០យ័ន (ឬប្រហែល ១,៤២១ដុល្លារអាមេរិក) នៅក្នុងទូឈើដាក់អីវ៉ាន់នោះ។ ក្រោយជួបរឿងស៊យធំបែបនេះ លោកយាយ Liu ក៏បានសម្រេចចិត្តទៅធនាគារដើម្បីសុំជំនួយ ដោយធ្វើការដូរលុយដែលបានខូចខាតទាំងនោះ យកលុយថ្មីវិញ។
យ៉ាងណាមិញ បន្ទាប់ពីក្រុមបុគ្គលិកធនាគារបានធ្វើការពិនិត្យរួចរាល់ ពួកគេក៏បានប្រាប់លោកយាយវិញថា លុយរបស់គាត់ត្រឹមតែ ៦,៩០០យ័ន (ឬប្រហែល ៩៨០ដុល្លារអាមេរិក) ប៉ុណ្ណោះ ដែលហាក់នៅមានសភាពល្អត្រឹមត្រូវ ដែលនឹងអាចធ្វើការប្តូរយកលុយថ្មីវិញបាន។នៅទីបំផុត លោកយាយ Liu ក៏បានសម្រេចចិត្តទៅតាមនោះផងដែរ។ ព្រោះថា នេះអាចជាសំណាងរបស់គាត់មួយដែរ ដែលរូបគាត់អាចនៅទទួលបានលុយជាច្រើនត្រលប់មកវិញ ដោយខូចខាតអស់មួយចំនួនតែប៉ុណ្ណោះ។ គួរឲ្យដឹងផងដែរថា នេះមិនមែនទើបតែជាលើកទីមួយនោះទេ ដែលកើតមានករណីបែបនេះកើតឡើង។ ព្រោះជាក់ស្ដែង កាលពីពេលកន្លងទៅ បុរសវ័យចំណាស់ជនជាតិចិនម្នាក់ រស់នៅក្នុងខេត្ត Guangdong ក៏ធ្លាប់ត្រូវបានបាត់បង់លុយខ្ទង់ ៤០,០០០យ័ន (ឬប្រហែល ៥,៦០០០ដុល្លារអាមេរិក ដោយសាតែត្រូវសត្វកណ្ដៀរនេះផងដែរ។ ខណៈក៏មានលោកយាយម្នាក់ទៀត ក៏ធ្លាប់បានបាត់បង់លុយដែលខំប្រឹងសន្សំទុក ស្ទើរតែមួយជីវិតរបស់គាត់ ប្រមាណជា ៦០,០០០យ័ន (ឬប្រហែល ៨,៥០០ដុល្លារអាមេរិក) ត្រូវបានអន្តរាយដោយសារកណ្ដៀរកាត់ដូចគ្នានេះផងដែរ៕តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?ទស្សនាវីដេអូខាងក្រោម៖