ក្ដៅៗ! ក្រុមជម្រើសជាតិប្រេស៊ីល នឹងប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិមួយក្នុងតំបន់អាស៊ាន

  • ពុធ ២១ សីហា, ២០១៩ ០៨:៥២
អាស៊ីអាគ្នេយ៍៖ ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលដែលជាម្ចាស់ជើងឯកពានរង្វាន់ Copa America 2019 អាចនឹងមកប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិបាល់ទាត់ថៃ ក្នុងពេលឆាប់ៗនេះ នៅពហុកីឡដ្ឋានជាតិរបស់ប្រទេសសិង្ហបុរី។
ក្រុមជម្រើសជាតិប្រេស៊ីល
យោងតាមសារព័ត៌មាន Straints Times បានចុះផ្សាយថាក្រុមជម្រើសជាតិសាំបាប្រេស៊ីល នឹងធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍ដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិថៃនៅអំឡុងខែតុលា។ បន្ថែមលើសពីនេះបើតាមប្រភពព័ត៌មានក្នុងប្រទេសសិង្ហបុរី ម្ចាស់ពាន FIFA World Cup ៥សម័យកាល ប្រេស៊ីល នឹងត្រូវជួបប្រកួតជាមួយម្ចាស់ពាន AFF Championships ៥សម័យកាល ថៃ នៅកីឡដ្ឋានជាតិ ក្នុងតំបន់ Kallang ប្រទេសសិង្ហបុរី។
ក្រុមជម្រើសជាតិថៃ
យ៉ាងណាមិញ គម្រោងនេះកំពុងស្ថិតនៅក្រោមការពិភាក្សាគ្នារវាងភាគីពាក់ព័ន្ធនៅឡើយ ទាំងសហព័ន្ធកីឡាបាល់ទាត់ថៃ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល និងសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី ជុំវិញការប្រើប្រាស់ទីលាន។ គួរបញ្ជាក់ផងដែរថា សម្រាប់ពហុកីឡដ្ឋានជាតិរបស់សិង្ហបុរីនេះ ក៏ទើបតែទទួលការប្រកួត ២ប្រកួតនៃពានរង្វាន់ International Champions Cup កាលពីខែមុនដែរ គឺជំនួបដែល Inter Milan ឈ្នះ Man UTD ១-០ និងជំនួបដែល Spurs ផ្ដួល Juventus ៣-២៕ប្រភព៖ Fox Sports Asia