ដុំសក់ទម្ងន់ជាង ១គីឡូក្រាម ត្រូវបានវះកាត់យកចេញដោយជោគជ័យ ក្រោយក្មេងស្រីវ័យ ១៤ឆ្នាំម្នាក់ កើតជំងឺចម្លែក ញៀនហូបសក់ខ្លួនឯង

ឥណ្ឌា៖ ក្មេងស្រីជនជាតិឥណ្ឌាម្នាក់ កើតមានជំងឺចម្លែកម្យ៉ាង ញៀនហូបសក់ខ្លួនឯង រហូតនៅទីបំផុតកើតមានអាការឈឺចុកចាប់ធ្ងន់ធ្ងរក្នុងក្រពះ ស្ទះកកកុញសុទ្ធតែសក់ និងតម្រូវឲ្យធ្វើការវះកាត់យកដុំសក់ទាំងអស់នោះចេញដើម្បីសង្គ្រោះជីវិត។
ក្មេងស្រី Pooja
យោងតាមប្រភពចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល ថ្ងៃទី២០ សីហា ឆ្នាំ២០១៩ កន្លងទៅនេះ បានរាយការណ៍ឲ្យដឹងថា កុមារីរងគ្រោះខាងលើ ត្រូវបានគេស្គាល់ឈ្មោះថា Pooja មានអាយុ ១៤ឆ្នាំ។ ក្មេងស្រីរងគ្រោះរូបនេះ ត្រូវបានគេជឿជាក់ថា កើតមានជំងឺដ៏កម្រម្យ៉ាង ដែលភាសាបច្ចេកទេសហៅថា «Rapunzel Syndrome» គឺជាប្រភេទជំងឺ ដែលអ្នកជំងឺកើតរោគឃ្លានហូបសក់ខ្លួនឯង (ឬសក់អ្នកដទៃ) យ៉ាងចម្លែក។
ដុំសក់ដែលត្រូវបានវះកាត់យកចេញ
ជាក់ស្តែង តាមការឲ្យដឹងពីក្មេងស្រីរងគ្រោះ នាងក៏បានទទួលស្គាល់ខ្លួនឯងដែរថា នាងតែងតែហូបសក់ខ្លួនឯងជាប់ជានិច្ច។ ហើយក្រោយមកស្ថានភាពជំងឺរបស់នាង ក៏ហាក់កាន់តែគួរឲ្យព្រួយបារម្ភខ្លាំង ដោយសារតែមានការឈឺចុកចាប់ក្នុងពោះ ឬក្នុងក្រពះ និងក្អួតចង្អោរ ដែលធ្វើឲ្យឪពុកម្តាយរបស់នាងត្រូវបង្ខំចិត្ត នាំនាងមកកាន់មន្ទីរពេទ្យតែម្តង។
ដុំសក់ដែលត្រូវបានវះកាត់យកចេញ
ឪពុកម្តាយរបស់ Pooja បាននាំនាងទៅកាន់គ្លីនិកឯកជនមួយ RN Pandey Hospital ក្នុងទីក្រុង Gonda រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។ ក្រុមគ្រូពេទ្យនៅទីនោះ បានធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត តាមរយៈការថតស្កេន CT Scan និងបានរកឃើញថា មានដុំសក់នៅក្នុងក្រពះរបស់នាង។ វេជ្ជបណ្ឌិតម្នាក់ឈ្មោះ Rajesh Kumar Pandey បានមានប្រសាសន៍លើកឡើងថា Pooja នាងត្រូវតែធ្វើការវះកាត់ ព្រោះបើមិនដូច្នោះទេនាងនឹងអាចស្លាប់។
ក្មេងស្រី Pooja
លោកវេជ្ជបណ្ឌិតរូបនេះ បានបន្ថែមទៀតថា ក្រោយការពិនិត្យនិងសាកសួរ ក្មេងស្រីរងគ្រោះ នាងក៏បានសារភាពប្រាប់ដែរថា នាងតែងតែមានទម្លាប់ទំពា ឬហូបសក់ខ្លួនឯង។ ប៉ុន្តែមិនថាយ៉ាងណា ក្រោយទទួលបានការវះកាត់ យកដុំសក់ដែលមានទម្ងន់ប្រមាណជាង ១,៣គីឡូក្រាមនោះចេញដោយជោគជ័យ បច្ចុប្បន្នស្ថានភាពរបស់នាង ក៏បានប្រសើរឡើងជាងមុនផងដែរ។
ដុំសក់ដែលត្រូវបានវះកាត់យកចេញ
គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ ក្រុមគ្រូពេទ្យក៏បានសន្និដ្ឋានជំងឺនេះមួយផ្សេងទៀត ដែលគេឲ្យឈ្មោះថា «Trichophagia» មិនខុសគ្នាទៅនឹងជំងឺ «Rapunzel Syndrome» ដែលអ្នកជំងឺមានអាការចម្លែក ញៀនហូបសក់ខ្លួនឯងនោះទេ។ ផលវិបាកនៃជំងឺនេះ វានឹងបណ្តាលឲ្យមានការរលាក ឬដាច់រហែកពោះវៀន ស្រកទម្ងន់ រលាកលំពែង ក៏ដូចជារលាកខ្នែងពោះវៀនជាដើម។ ករណីធ្ងន់ធ្ងរអាចនឹងស្លាប់បាត់បង់ជីវិត ប្រសិនបើពុំបានទទួលការវះកាត់ព្យាបាលទាន់ពេលវេលា៕ តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?
មន្ទីរពេទ្យដែល Pooja ទទួលការវះកាត់