បុរសម្នាក់ឈឺក្បាលអស់រយៈ៣០ឆ្នាំមិនបាត់ ស្រាប់តែស្កេន ឃើញដង្កូវប៉ារ៉ាស៊ីតប្រវែង១០សង់ទីម៉ែត្រនៅក្នុងលលាដ៍ក្បាល

ចិន៖ ថ្មីៗកន្លងទៅនេះ បុរសម្នាក់ទើបតែទទួលការវះកាត់យកដង្កូវប៉ារ៉ាស៊ីតនៅក្នុងលលាដ៍ក្បាលចេញ ដែលបានធ្វើឲ្យគាត់ឈឺក្បាលមិនបាត់អស់រយៈ៣០ឆ្នាំមកនេះ។ប្រភពបានឲ្យដឹងថា លោក Zhang អាយុ៥៩ឆ្នាំ មានអាការឈឺក្បាលចាប់តាំងពីក្នុងឆ្នាំ១៩៨៩មកម៉្លេះ។ គាត់តែងតែលេបថ្នាំជាប្រចាំដែលគ្រូពេទ្យបានឲ្យ ប៉ុន្ដែមិនបានទទួលលទ្ធផលអ្វីសោះឡើយ។ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ គាត់បានសម្រេចចិត្តធ្វើដំណើរមកទីក្រុង Guangzhou ដើម្បីស្កេនមើលទើបបង្ហាញឲ្យឃើញថា ក្នុងលលាដ៍ក្បាលរបស់គាត់មានដង្កូវប៉ារ៉ាស៊ីតប្រវែង១០សង់ទីមែ៉ត្រ ដែលជាមូលហេតុធ្វើឲ្យគាត់ឈឺក្បាលអស់រយៈពេល៣០ឆ្នាំមកនេះ។ យ៉ាងណាក្ដី ដង្កូវប៉ារ៉ាស៊ីតត្រូវបានយកចេញពីលលាដ៍ក្បាលដោយការវះកាត់។
ដង្កូវប៉ារ៉ាស៊ីតនៅក្នុងលលាដ៍ក្បាល
ដង្កូវប៉ារ៉ាស៊ីត
វេជ្ជបណ្ឌិតបានឲ្យដឹងដែរថា ដង្កូវប៉ារ៉ាស៊ីតគឺកើតមានឡើងដោយសារការបរិភោគសាច់សត្វពស់ កង្កែបមិនឆ្អិន និងផឹកទឹកទន្លេ ឬទឹកមិនពុះជាដើម។ ចំណែកលោក Zhang ក៏បានសារភាពដែរថា រូបគាត់ផ្ទាល់តែងតែបរិភោគសាច់សត្វមិនសូវឆ្អិន និងផឹកទឹកទន្លេផងដែរ ព្រោះគាត់រស់នៅលើភ្នំ Guangdong ដែលជាដំបន់ដាច់ស្រយ៉ាលមួយ។ជាចុងក្រោយ លោក Zhang ក៏បានជាសះស្បើយ និងមិនមានអាការឈឺក្បាលទៀតឡើយ៕
ដង្កូវប៉ារ៉ាស៊ីត