ក្រសួងធនធានទឹក៖ ឥទ្ធិពលប្រព័ន្ធសម្ពាធទាប និងព្យុះបៃលូ ធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ពីតិចទៅច្រើន ខណៈខេត្តមាត់សមុទ្រភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៨ ខែសីហា !

  • ព្រហស្បតិ៍ ២២ សីហា, ២០១៩ ០៧:៥៨
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨ ខែសីហាដោយបញ្ជាក់ថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប និងព្យុះទី១១ ឈ្មោះ បៃលូ នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ពីតិចទៅច្រើន ខណៈតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែសីហានេះបានបញ្ជាក់ពីបញ្ហាអាកាសធាតុយ៉ាងដូច្នេះថា៖១៖ ចាប់ពីថ្ងៃទី២២ដល់ ២៤ ខែសីហា ស្ទើរទូទាំងប្រទេស នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។២៖ ចាប់ពីថ្ងៃទី២៥ ដល់ ២៨ ខែសីហា៖ * បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ លើផ្ទៃមេឃមានខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់។* បណ្តាខេត្តចាប់ពីតំបន់វាលទំនាប់ភាគកណ្តាលឡើងទៅលើ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។ ទន្ទឹមនោះអាចមានផ្នែកមួយចំនួនភ្លៀងធ្លាក់ខ្លាំង។* បណ្តាលរាជធានី-ខេត្តនៅបែកខាងក្រោម នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ។ ទន្ទឹមនោះ អាចមានផ្នែកខ្លះភ្លៀងធ្លាក់ច្រើន។ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវដល់សាធារណជន មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រ ដែលអាចកើតមានឡើងជាយថាហេតុ៕
ប្រភព៖ Freshnews