ស្ត្រីវ័យ២៨ឆ្នាំម្នាក់បានស្លាប់ ដោយសារគ្លីនិកកែសម្ផស្សដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ

  • ព្រហស្បតិ៍ ២២ សីហា, ២០១៩ ១៦:៣១
ចិន៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ ស្ត្រីវ័យ២៨ឆ្នាំម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) បានស្លាប់ដោយសារវះកាត់កែសម្ផស្សនៅគ្លីនិកមួយកន្លែងដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងខេត្ត Henan ប្រទេសចិន។ប្រភពបានឲ្យដឹងថា ក្នុងថ្ងៃកើតហេតុ ស្វាមីរបស់ស្ត្រីរងគ្រោះបានទទួលទូរស័ព្ទពីខាងគ្លីនិកកែសម្ផស្ស ប្រាប់ថាប្រពន្ធរបស់គាត់មានបញ្ហាបន្តិចបន្តួចអំឡុងពេលកំពុងវះកាត់។ ភ្លាមៗនោះ បុរសជាស្វាមីបានធ្វើដំណើរទៅគ្លីនិកកែសម្ផស្សនោះជាមួយនឹងក្រុមគ្រួសារ។នៅពេលដែលគាត់បានមកដល់ គ្រូពេទ្យបានឲ្យគាត់ធ្វើចិត្តឲ្យស្ងប់ និងអង្គុយរង់ចាំ ខណៈពេលគ្រូពេទ្យកំពុងជួយសង្គ្រោះប្រពន្ធ។ ក្រោយពីរង់ចាំអស់​រយៈពេលយូរ គាត់ចាប់ផ្ដើមមានអាម្មណ៍មិនប្រក្រតី គាត់ក៏បានទូរស័ព្ទទៅកាន់ឡានសង្គ្រោះបន្ទាន់ដើម្បីមកទទួលប្រពន្ធរបស់គាត់។ ប៉ុន្ដែឡានសង្គ្រោះបន្ទាន់មិនទាន់បានមកដល់ផង គ្រូពេទ្យនៅគ្លីនិកកែសម្ផស្សបានប្រាប់ថា ប្រពន្ធរបស់គាត់បានស្លាប់បាត់ទៅហើយ។បុរសជាស្វាមីបានស្លុតចិត្តយ៉ាងខ្លាំងក៏ទូរស័ព្ទទៅកាន់ប៉ូលិស។ ក្រោយពីប៉ូលិសបានមកដល់ និងឆែកកាមេរ៉ាសុវត្ថិភាពបានឲ្យដឹងថា រាល់សកម្មភាពចាប់តាំងពីម៉ោង៦ល្ងាចក្នុងថ្ងៃកើតហេតុត្រូវបានលុបចោលទាំងស្រុង។ក្រុមគ្រូពេទ្យបានយកឯកសារដែលស្ត្រីរងគ្រោះបានចុះហត្ថលេខាបញ្ជាក់ថា រូបនាងផ្ទាល់ត្រូវវះកាត់កែសម្ផស្សមានដូចជា ចាក់បំពេញថ្ងាស ចាក់បំបាត់សាច់ធ្លាក់ត្រង់.ក ចាក់បំពេញគូទ និងកែដើមទ្រូង។ បុរសជាស្វាមីបានអះអាងថា ហត្ថលេខានោះមិនមែនជារបស់ប្រពន្ធខ្លួនឡើយ។
ស្ត្រីរងគ្រោះកាលនៅរស់
ប្រភពបានបន្ដថា សាកសពរបស់ស្ត្រីរងគ្រោះមានប្រហោងផ្នែក.ក ហូរឈាមចេញតាមភ្នែកនិងច្រមុះទៀតផង។ ក្រោយពីបុរសជាស្វាមីបានឆែកលេខហៅចេញក្នុងទូរស័ព្ទរបស់ប្រពន្ធរួចមក គាត់បានឃើញលេខទូរស័ព្ទរបស់នាង Zhao ដែលជាគ្រូពេទ្យបានធ្វើការអូសទាញប្រពន្ធរបស់គាត់ឲ្យមកទទួលសេវាកម្មកែសម្ផស្ស។ បន្ទាប់ពីការស៊ើបអង្កេតរបស់ប៉ូលិសរួចមក បានឲ្យដឹងថា គ្លីនិកកែសម្ផស្សនោះមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវឡើយ។ នាង Zhao ត្រូវបានចាប់ខ្លួន ចំណែកគ្លីនិកកែសម្ផស្សត្រូវបានបិទចោល។គ្លីនិកកែសម្ផស្សនេះបានលាក់បាំងមូលហេតុនៃការស្លាប់របស់ស្ត្រីរងគ្រោះ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតបន្ដចំពោះករណីនេះ៕
ស្ត្រីរងគ្រោះនិងកូនប្រុសទាំងពីរ