ភ្ញាក់ផ្អើល! ក្រោយចាប់បានត្រីចម្លែកមួយក្បាល មានមាត់ដល់ទៅ២

  • ព្រហស្បតិ៍ ២២ សីហា, ២០១៩ ១៦:៥៧
អាមេរិក៖ មហាជន អ្នកលេងបណ្តាញសង្គមជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបភាពត្រីដ៏ចម្លែកមួយក្បាល មានមាត់រហូតដល់ទៅ ២ ដែលខុសប្លែកពីត្រីធម្មតា ត្រូវបានគេថតបង្ហោះចែកចាយ។
ត្រីចម្លែកមានមាត់២
ជុំវិញនឹងរឿងរ៉ាវមួយនេះ បើតាមប្រភពបានឲ្យដឹងថា កាលពីសប្តាហ៍មុននេះ ស្រ្តីអាមេរិកម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា Debbie Geddes និងស្វាមីរបស់អ្នកស្រី បាននាំគ្នាជិះទូកទៅស្ទូចត្រីនៅបឹង Lake Champlain នាទីក្រុង New York សហរដ្ឋអាមេរិក។  
អ្នកស្រីGeddes
អ្វីដែលភ្ញាក់ផ្អើលនោះ អ្នកស្រី Geddes ក៏បានស្ទូចបានត្រីចម្លែកមួយក្បាល ដែលមានមាត់លើក្រោមរហូតដល់ទៅ២។ អ្នកស្រី និងស្វាមីរបស់អ្នកស្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញបែបនេះ។ ក្រោយមកអ្នកស្រី Geddes ក៏បានចាប់ត្រីនោះមកថតរូបទុក ព្រោះថានេះគឺជារឿងដ៏ចម្លែកមួយដែលមិនធ្លាប់បានជួប មិនធ្លាប់បានឃើញពីមុនមក។ បន្ទាប់មកទៀត អ្នកស្រីក៏បានស្រេចចិត្តព្រលែងត្រីនោះ ចូលទៅក្នុងទឹកវិញផងដែរ។
ត្រីចម្លែកមានមាត់២
ក្រោយមក អ្នកស្រី Geddes ក៏បានបង្ហោះរូបភាពត្រីនោះ ចែកចាយនៅលើបណ្តាញសង្គមជាមួយនឹងមិត្តរួមការងាររបស់អ្នកស្រី ហើយក្រោយមកវាពិតជាធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង មិនខុសគ្នាប៉ុន្មាននឹងអ្នកស្រីនោះឡើយ។ អ្នកស្រី Geddes បាននិយាយថា ដំបូងឡើយនៅពេលដែលយកត្រីនោះ មកដាក់លើទូក អ្នកស្រីសឹងតែមិនជឿនូវអ្វីដែលបានឃើញនោះទេ។ ព្រោះថាត្រីនេះ វាមានរង្វះមាត់ធំវែងដល់ទៅ២ឯណោះ។ ប៉ុន្តែមើលទៅវា គឺមានសុខភាពល្អ និងធំធាត់ណាស់។​ វាពិតជាអស្ចារ្យ។
អ្នកស្រី Geddes
គួរឲ្យដឹងផងដែរថា ជុំវិញនឹងរឿងរ៉ាវខាងលើនេះដែរ គេមិនដឹងប្រាកដទេថា ត្រីនោះជាប្រភេទត្រីអ្វីឲ្យប្រាកដនោះឡើយ។ ខណៈក៏មានមហាជនជាច្រើនយល់ឃើញថា កក្តាត្រីទៅជាបែបនេះ ក៏ដោយសារតែ អាចបណ្តាលមកពីបញ្ហាបំពុលណាមួយនៅក្នុងទឹក ដែលធ្វើឲ្យប៉ះពាល់ដល់កំណើតរបស់ពួកវា។ ជាក់ស្ដែង បឹង Lake Champlain ត្រូវបានគេដឹងថា គឺជាបឹងកខ្វក់មួយ (ចាក់សំរាម ឬទឹកសម្អុយ) ចេញពីប្រទេសកាណាដាមក (និងរដ្ឋ Vermont សហរដ្ឋអាមេរិក) ដែលជាមូលហេតុធ្វើឲ្យជីវិតសត្វក្នុងទឹករងការប៉ះពាល់៕តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?