មន្ត្រីនគរបាលចរាចរណ៍ ទទួលបានវគ្គបណ្តុះបណ្តាលបំប៉នបច្ចេកទេស សំដៅបង្កើនប្រសិទ្ធភាពការរឹតបន្ដឹងច្បាប់ចរាចរណ៍ លើការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងកិច្ចជួយសង្រ្គោះជនរងគ្រោះ!

  • សុក្រ ២៣ សីហា, ២០១៩ ១៣:១០
ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានការរៀបចំ ពិធីបើកវគ្គបណ្តុះបណ្តាលបំប៉នបច្ចេកទេសសំដៅបង្កើនប្រសិទ្ធភាពការរឹតបន្ដឹងច្បាប់ចរាចរណ៍ លើការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងកិច្ចជួយសង្រ្គោះជនរងគ្រោះ ដែលមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។
វគ្គបណ្តុះបណ្តាលបំប៉នបច្ចេកទេស សំដៅបង្កើនប្រសិទ្ធភាពការរឹតបន្ដឹងច្បាប់ចរាចរណ៍
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអង្គការខេមសេហ្វ (CaMSafe) ក្រោមជំនួយបច្ចេកទេស និងថវិកាពីស្ថាប័ន APIWSA និងសមាជិកដៃគូរស្ថាប័ន។​​ មន្រ្តីនគរបាលចរាចរណ៍ក្នុងខេត្តសៀមរាបផ្ទាល់សរុបចំនួន ៥០ រូប បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។​ ក្រៅពីនោះក៏មានការចូលរួមចែករំលែកបទពិសោធន៍ពីសំណាក់អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ និងបណ្តុះបណ្តាលដែល មានបទពិសោធន៍លើឆាកជាតិ និងអន្តរជាតិជាច្រើនឆ្នាំផងដែរ ។ក្នុងពិធីបើកវគ្គមានវត្តមានរបស់ លោកឧត្ដមសេនីយទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប លោកវរសេនីយ៍ឯកថី វិសាល ប្រធានការិយាល័យនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ លោកកែវ ម៉ានិត តំណាងរបស់អង្គការ​ CaMSafe និងអ្នកនាង អូលីវ្យែរ វាយឌែន តំណាងរបស់APIWSA ព្រមទាំងមន្រ្តីជាច្រើនរូបទៀត។ ថ្លែងក្នុងពិធីបើកវគ្គ លោកស្នងការខេត្ត ក៏បានអំណរអរគុណចំពោះកិច្ចសហការល្អរវាងដៃគូពាក់ព័ន្ធក្នុងការការពារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសអគ្គស្នងការនគរបាលជាតិដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលក្នុងពេលនេះ ស្របតាមតម្រូវការជាក់ស្តែង និងភាពចាំបាច់របស់ខេត្ត។
វគ្គបណ្តុះបណ្តាលបំប៉នបច្ចេកទេស សំដៅបង្កើនប្រសិទ្ធភាពការរឹតបន្ដឹងច្បាប់ចរាចរណ៍
វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ មានគោលបំណង៖- បង្កើនចំណេះដឹងអំពីទិដ្ឋភាពទូទៅ នៃស្ថានភាពចរាចរណ៍ផ្លូវ និងឥរិយាបថហនិភ័យ និងផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
- ​បង្កើនចំណេះដឹងអំពីការធ្វើផែនការប្រតិបត្តិការ និងវិធានដោះស្រាយរាល់បញ្ហាប្រឈមលើការរឹតបន្តឹងចំពោះការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
-​​ ពង្រឹងសមត្ថភាពជំនាញដាក់គោលដៅរឹតបន្តឹង និងប្រើប្រាស់ម៉ាស៊ីនវាស់ជាតិអាល់កុល ប្រកប ដោយប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។
៤- បង្កើនសមត្ថភាពដោះស្រាយ គ្រប់គ្រង និងធានាសុវត្ថិភាពគោលដៅ រឹតបន្តឹងច្បាប់​ ក៏ដូចជាការអង្កេត កត់ត្រា ប្រមូលភស្តុតាង និងធ្វើរបាយការណ៍។
៥- ផ្ដល់ឲ្យនគរបាលចរាចរណ៍ទទួលបាននូវចំណេះដឹង ជំនាញ និងសម្ភារៈជួយសង្គ្រោះដល់ជនរងគ្រោះនៅនឹងកន្លែងកើតហេតុមុនពេលបញ្ជូនទៅកាន់មន្ទីពេទ្យ។ 
៦- បង្កើនសមត្ថភាពជំនាញ ដើម្បីបណ្តុះបណ្តាលបន្ត រួមជាមួយនឹងសមត្ថភាពអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ អោយយល់ដឹងអំពីផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
វគ្គបណ្តុះបណ្តាលបំប៉នបច្ចេកទេស សំដៅបង្កើនប្រសិទ្ធភាពការរឹតបន្ដឹងច្បាប់ចរាចរណ៍
សូមបញ្ជាក់ថា អង្គការ CaMSafe ក្រោមកិច្ចគាំទ្រពីស្ថាប័ន APIWSA នឹងបន្តសហការជាមួយអគ្គស្នងការនគរបាលជាតិ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នានៅខេត្តព្រះសីហនុ បូករួមទាំងយុទ្ធនាការអបរំផ្សព្វផ្សាយនានា នាពេលខាងមុខនេះផងដែរ។លោកវរសេនីយ៍ឯក ថី វិសាល ប្រធានការិយាល័យនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានប្រាប់ឱ្យដឹងថា យោងតាមរបាយការណ៍នៅឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើផ្លូវមានចំនួន ៣,២៦៧ លើ ៣,៥៣១ ករណីសរុបបើធៀបនឹងឆ្នាំ២០១៧។ ដោយឡែកក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ២,១៧១ ករណី បណ្តាលឱ្យមានអ្នកស្លាប់ចំនួន ១,០៣៣ នាក់ និងរបួសចំនួន៣,២២៤ នាក់។ ជាមធ្យមមានមនុស្សស្លាប់ចំនួន៦នាក់ និងរបួសចំនួន១៨នាក់ក្នុងមួយថ្ងៃ។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺនៅតែបណ្តាលមកពីការបើកបរលើសល្បឿនកំណត់ ៣៧%, ការមិនគោរពសិទ្ធអទិភាព ២៤%, ការមិនប្រកាន់ស្តាំ ១២%, ការវ៉ាជែង ៩%, ការបត់ដោយធ្វេរប្រហែស ៨%, ស្រវឹង ៦%, កត្តាយានយន្ត ៣% និងការបើកបរស្ថិតក្នុងស្ថានភាពងងុយ១%។ បើប្រៀបធៀបនឹងត្រីមាសទី១នៃឆ្នាំ២០១៨ មនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវកើនឡើងចំនួន ១០៣នាក់ ស្មើនឹង​ ១១% និង ចំនួនអ្នករបួសកើនឡើងចំនួន ៨២៥ នាក់ ស្មើនឹង ៣៤%។
វគ្គបណ្តុះបណ្តាលបំប៉នបច្ចេកទេស សំដៅបង្កើនប្រសិទ្ធភាពការរឹតបន្ដឹងច្បាប់ចរាចរណ៍
លោក កែវ ម៉ានិត តំណាងរបស់អង្គការ​ CaMSafe ក៏បានលើកឡើងថា តាមការព្យាករណ៍ ប្រសិនបើគ្មានវិធានការទប់ស្កាត់ និងយន្តនាការណ៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាក់លាក់ទេ នោះចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានឹងអាចកើនឡើងរហូតទៅដល់ ៣២០០ នាក់ នៅឆ្នាំ២០២០។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដូចដែលបានរៀបរាប់ខាងលើកិច្ចសហការរៀបចំវគ្គបណ្តុះបណ្តាលនេះ ក៏ដូចជាសកម្មភាពអាទិភាពនានាត្រូវបានអនុវត្តបូករួមទាំងការពង្រឹងសមត្ថភាពជំនាញដល់មន្ត្រីនគរបាលក្នុងការសង្រ្គោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ជាមួយនឹងការផ្ដល់ជូននូវឧបករណ៍សម្ភារៈសំខាន់ៗ គឺជាការប្តេជ្ញាចូលរួមចំណែក ស្របតាមផែនការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១១-២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនការទស្សវត្សន៍អង្គការសហប្រជាជាតិ ដើម្បីសំដៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរឱ្យបាន៥០%៕
វគ្គបណ្តុះបណ្តាលបំប៉នបច្ចេកទេស សំដៅបង្កើនប្រសិទ្ធភាពការរឹតបន្ដឹងច្បាប់ចរាចរណ៍
សម្រាប់ព័ត៌មានបន្ថែមស្តីអំពីវគ្គបណ្តុះបណ្តាលសូមទាក់ទង៖
ទូរស័ព្ទៈ ០១៧ ៧៥៥ ៦៨៨ / ទូរសារៈ [email protected] ​ ឬតាមរយៈអង្គការ ខេមសេហ្វ [email protected]។