គូស្នេហ៍ឈាមរាវក្មេងខ្ចីមួយគូ នាំគ្នាលោតចូលទន្លេសម្លាប់ខ្លួន ព្រោះម្តាយខាងស្រីមិនព្រមឱ្យពួកគេស្រលាញ់គ្នា

ថៃ៖ ស្នេហាអាចធ្វើឱ្យមនុស្សសប្បាយចិត្ត ក៏អាចធ្វើឱ្យមនុស្សឈឺចាប់បានដែរ ជាពិសេសសម្រាប់ក្មេងជំទង់សម័យនេះ អាចមានឧបសគ្គស្នេហ៍ច្រើន នៅពេលពួកគេមានស្នេហាទាំងវ័យក្មេង។ជាក់ស្តែង មានក្មេងប្រុសជំទង់អាយុ ១៣ឆ្នាំម្នាក់ បានស្រលាញ់ក្មេងស្រីជំទង់ម្នាក់ ៨ខែមកហើយ ប៉ុន្តែម្តាយខាងស្រីដឹងរឿងនេះ ក៏ហាមឃាត់មិនឱ្យពួកគេស្រលាញ់គ្នាតទៅទៀត។ ទើបកាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩កន្លងទៅ គូស្នេហ៍វ័យក្មេងមួយគូនេះ ក៏មានការតូចចិត្តជាខ្លាំង គិតខ្លីក៏នាំគ្នាលោតចូលទន្លេសម្លាប់ខ្លួន ដើម្បីបញ្ជាក់ស្នេហ៍ពិតរបស់ពួកគេ។ នៅថ្ងៃកើតហេតុ បន្ទាប់ពីពួកគេលោតចូលទន្លេហើយ ស្រាប់តែឃើញសត្វបង្កួយដ៏ធំមួយ កំពុងតែហែលទឹកទន្លេនៅជិតនោះដែរ។ ភ្លាមៗខាងស្រីមានការភ័យខ្លាចសត្វបង្កួយជាខ្លាំង ក៏បានព្រលែងដៃខាងប្រុស ហើយនាងក៏ព្យាយាមឡើងគោកវិញ  ប៉ុន្តែនាងមិនចេះហែលទឹកនោះទេ ទើបបណ្តាលឲ្យលង់ទឹកតែម្តង ចំណែកខាងប្រុសក៏លង់ទឹកទៅតាមហ្នឹងផងដែរ។ តែសំណាងល្អ  មានអ្នកដំណើរនៅជិតនោះឃើញទាន់  ក៏បានទៅជួយពួកគេឡើងគោកវិញបានសម្រេច។យ៉ាងណាមិញ គូស្នេហ៍ក្មេងខ្ចីមួយគូនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះជាបន្ទាន់។ តាមប្រភពបានរាយការណ៍ថា ស្ថានភាពខាងស្រីកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់ខ្លាំង។រីឯម្តាយខាងប្រុសក៏បាននិយាយថា គាត់ដឹងថាកូនប្រុសគាត់មានស្នេហាជាមួយស្រីម្នាក់ ហើយគាត់ក៏បានប្រាប់គេថាកុំឱ្យគិតរឿងស្នេហាអី ឱ្យផ្តោតលើការសិក្សាទៅ។ គាត់បានរៀបរាប់ទៀតថា គាត់ពិតជាមិនដឹងថា កូនប្រុសគាត់ហ៊ានបបួលក្មេងស្រីនោះលោតទឹកសម្លាប់ខ្លួននោះទេ ហើយគាត់ក៏បានសូមទោសចំពោះឪពុកម្តាយខាងស្រីផងដែរ ចំពោះកំហុសរបស់កូនប្រុសគាត់។នេះជាការគិតខ្លីមួយមិនគួរយកតម្រាប់តាម ហេតុនេះប្រិយមិត្តទាំងអស់ជាពិសេសយុវវ័យជំទង់ៗ សូមកុំទាន់គិតគូររឿងស្នេហាអី គួរតែចំណាយពេលវេលាផ្តោតលើការសិក្សាវិញល្អជាង។ ម្យ៉ាងវិញទៀតការគិតខ្លីសម្លាប់ខ្លួន មិនគួរយកតម្រាប់តាមឡើយ៕
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ