ក្មេងប្រុសវ័យ១៣ឆ្នាំម្នាក់ ឆក់ខ្សែភ្លើងស្លាប់ខណៈពេលកំពុងលេងទូរស័ព្ទនិងសាកថ្មក្នុងពេលតែមួយ

ចិន៖ ក្មេងប្រុសឈ្មោះ Liu អាយុ១៣ឆ្នាំ ត្រូវបានស្លាប់ដោយសារឆក់ខ្សែភ្លើងខណៈពេលកំពុងលេងទូរស័ព្ទនិងសាកថ្មក្នុងពេលតែមួយ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ នៅខេត្ត Nanchang ប្រទេសចិន។ប្រភពបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ ក្មេងប្រុសរងគ្រោះបានចូលភោជនីយដ្ឋានមួយកន្លែង ជាមួយមិត្តភក្ដិរបស់គេ។ អំឡុងពេលកំពុងរង់ចាំម្ហូប ក្មេងប្រុសរងគ្រោះបានដោតសាកថ្មទូរស័ព្ទ និងលេងហ្គេមនៅលើទូរស័ព្ទ។ ប៉ុន្មាននាទីក្រោយមក ស្រាប់តែខ្លួនប្រាណរបស់ក្មេងប្រុសរងគ្រោះ ចាប់ផ្ដើមកន្ត្រាក់ញ័រពេលកំពុងកាន់ទូរស័ព្ទជាប់នឹងដៃ។ ភ្លាមៗនោះ មនុស្សជុំវិញនោះបានទូរស័ព្ទទៅកាន់ឡានសង្គ្រោះបន្ទាន់។ ពេលដែលមកដល់មន្ទីរពេទ្យ គ្រូពេទ្យបានឲ្យដឹងថា ក្មេងប្រុសនោះបានស្លាប់ដោយសារឆក់ខ្សែភ្លើងបាត់ទៅហើយ។
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
យោងតាមបងស្រីរបស់ក្មេងប្រុសរងគ្រោះបានឲ្យដឹងថា នៅលើដងខ្លួន និងផ្ទៃមុខប្អូនប្រុសរបស់នាង មានស្នាមខ្មៅៗទៀតផង។ ជុំវិញនៃការស្លាប់មួយនេះ នាងបានចោតប្រកាន់ខាងភោជនីយដ្ឋាននោះដែលជាដើមហេតុធ្វើឲ្យប្អូនប្រុសនាងស្លាប់។ នាងបានបន្ថែមទៀតថា ឆ្នាំងសាកទូរស័ព្ទ និងទូរស័ព្ទនៅតែដំណើរការបានយ៉ាងល្អ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង។ យ៉ាងណាក្ដី សម្រាប់ករណីនេះប៉ូលិសកំពុងស៊ើបអង្កេតបន្ត និងភោជនីយដ្ឋានត្រូវបានផ្អាកបិទទ្វារបណ្ណោះអាសន្ន៕
រន្ធដោតភ្លើងនៅក្នុងភោជនីយដ្ឋាន