ដឹងហេតុផលនេះ​ លែងចង់ញ៉ាំអាហារអាំង-ចៀន មានជាប់កម្ទេចខ្លោចៗទៀតហើយ!

យើងទាំងអស់គ្នាប្រាកដជា​ចូលចិត្ត​ញ៉ាំ​អាហារ​អាំង ចៀន ឆា ហើយ​ភាគច្រើន​គឺ​ជា​ពពួក​សាច់​ចង្កាក់ មី​ឆា លត​ឆា ឬ​នំ​គូឆាយ​ជាដើម។ ចំពោះ​បញ្ហា​នេះ​ដែរ​លោក​វេជ្ជបណ្ឌិតផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា អាហារ​ទាំង​នោះ​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ខ្លាំង​ណាស់។ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បាន​ឲ្យ​ដឹង​ទៀត​ថា អាហារ​ប្រភេទ​ដែល​បាន​រៀបរាប់​ខាង​លើ​ច្រើនតែ​មាន​ជាប់​កម្ទេច​ខ្លោច​ៗ​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ខ្លាំង​ ហើយ​ក៏​ជា​កត្តា​ធំ​មួយ​ដែល​បង្ក​ជំងឺ​មហារីក និង​ជំងឺ​ច្រើន​មុខ​ទៀត​ទៅ​ថ្ងៃ​មុខ។វេជ្ជបណ្ឌិត​វ័យ​ជិត ៣០ ឆ្នាំ រូប​នេះ​បាន​បន្ថែម​ទៀត​ថា បើ​អាហារ​ឆា​វិញ​ ដូចជា​មី​ឆា​ជាដើម​នោះ​មិន​ល្អ​សោះ ព្រោះ​ឧបករណ៍​ចម្អិន​មិន​បាន​លាង​សម្អាត​ឡើយ ពោល​គឺ​ទាល់តែ​ឈប់​លក់​បាន​សម្អាត ហើយ​កម្ទេចកំទី​ជាប់ បូករួម​ភ្លើង​ខ្លាំង​ទៀត​ធ្វើឲ្យ​ខ្ទះ​ដែល​ឆា​ដដែល​ៗ​បញ្ចេញ​ជាតិ​កាបូន និងសារធាតុគីមីម្យា៉ងដែលចេញពីអាហារខ្លោចហៅថា (Acrylamide) ដែលជាសារធាតុបង្ករឲ្យកើតមហារីក។ព្រោះ​តែ​វា​មិន​ល្អ​ចំពោះ​សុខភាព​បែបនេះ​ហើយ ទើប​យើង​មិន​គួរ​ញ៉ាំ​ច្រើន​ឡើយ ដោយ​យូរៗ​ម្ដង ឬ​ធ្វើ​ខ្លួនឯង​ប្រកបដោយ​អនាម័យ ទើប​មិន​ធ្វើឲ្យ​ប៉ះពាល់​សុខភាព។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet