ចិនចាប់ផ្តើមចាប់ខ្លួន និងនិរទេសគ្រូបរទេសជាច្រើនចេញពីប្រទេសរបស់ខ្លួន

ចិន៖ ចិនចាប់ផ្តើមចាប់ខ្លួន និងនិរទេសគ្រូបរទេសជាច្រើនចេញពីប្រទេសរបស់ខ្លួនក្នុងគោលបំណងបោសសម្អាតអំពើអាក្រក់ និងពង្រឹងវិស័យអប់រំដើម្បីឱ្យមនុស្សមានការស្នេហាជាតិឡើងវិញ។ជាក់ស្តែង នៅក្នុងសាលាអន្តរជាតិ Education First (EF) ដែលមានមូលដ្ឋានដើម នៅក្នុងប្រទេសស្វីស មានសាលារៀនចំនួន ៣០០នៅក្នុងទីក្រុងចំនួន ៥០ របស់ចិនបានរាយការណ៍ថា មានគ្រូបរទេសជាច្រើនត្រូវបានចាប់ខ្លួន ដែលត្រូវបានខាងរដ្ឋាភិបាលបានចោទប្រកាន់ថា ពួកគេជាប់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់គ្រឿងញៀន។
សាលាអន្តរជាតិ Education First (EF)
បន្ថែមពីនេះទៀត សាលាអន្តរជាតិមួយនៅទីក្រុងប៉េកាំង និងទីភ្នាក់ងារបង្រៀននៅទីក្រុងសៀងហៃបានបញ្ជាក់ថា ចំនួននៃការចាប់ខ្លួនគ្រូបរទេសពិតជាមានការកើនឡើងគួរឱ្យកត់សម្គាល់ខ្លាំងពិតមែន។ចិនត្រូវបានរាយការណ៍ថា បានចាប់ផ្តើមលុបបំបាត់ឥទ្ធិពលបរទេសចេញពីប្រព័ន្ធអប់រំរបស់ខ្លួននៅក្នុងខែកញ្ញា ឆ្នាំ២០១៨។យោងតាមក្រសួងអប់រំបានឱ្យដឹងថា ចលនាក្នុងការលុបបំបាត់ឥទ្ធិពលបរទេសចេញពីប្រព័ន្ធអប់រំ មានគោលបំណងលើកកម្ពស់ការស្នេហាជាតិ និងតម្លៃស្នូលរបស់សង្គម ដែលទាំងអស់នេះនឹងឆ្លុះបញ្ចាំងពី​ «សេចក្តីស្រឡាញ់ចំពោះមាតុប្រទេស» ។ក្នុងឆ្នាំ ២០១៧ មានជនបរទេសចំនួន ៤០ម៉ឺននាក់ត្រូវបានរាយការណ៍ថា បានធ្វើការនៅក្នុងវិស័យអប់រំរបស់ប្រទេសចិន។
រូបតំណាង
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះគឺថា ចំនួនពីរភាគបីនៃបុគ្គលិកបរទេសទាំងនោះ ត្រូវបានរាយការណ៍ថា ពួកគេគឺជាអ្នកធ្វើការខុសច្បាប់ ក្នុងនោះរួមមានទាំងគ្រូបង្រៀនបរទេសផងដែរ។យ៉ាងណាមិញ ការចាប់ខ្លួន និងនិរទេសគ្រូបរទេសជាច្រើនចេញពីប្រទេសចិននោះ ក៏បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងផងដែរ ហើយអ្នកខ្លះក៏បានបញ្ចេញមតិថា ការធ្វើបែបនេះគ្រាន់តែជាគោលនយោបាយរបស់ចិន ដែលមិនចង់ឱ្យវប្បធម៌បរទេសជះឥទ្ធិពលខ្លាំងទៅលើចិនតែប៉ុណ្ណោះ៕