បុរសម្នាក់បើករថយន្តលឿន ជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវ លាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តជាប់លើរបាំង រងការខូចខាតយ៉ាងដំណំ

  • អាទិត្យ ២៥ សីហា, ២០១៩ ១៣:២៤
(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តលឿនជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវលាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តជាប់លើរបាំងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមានអ្នករបួសនោះទេ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០៖៥០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាធានីភ្នំពេញ។
ប្រភពពត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AL-4935 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុករបាំងថ្មទ្រូងផ្លូវលាន់ដូចរន្ទះ បណ្ដាលឲ្យរលំក្បាលនាគពុះចែកទ្រូងផ្លូវមួយផ្ទាំង ចំណែកឯរថយន្តវិញ បានជាប់លើរបាំងថ្មរងការខូចខាតយ៉ាងដំណំ។ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕

ប្រភព៖ Freshnews