ព្រៃផ្សៃណាស់! ឌីជេស្រីថៃម្នាក់ចាប់ឆ្មាអនាថាមកផ្ទះ រួចថតវីដេអូសម្លាប់ចោល

ថៃ៖ ឌីជេស្រីម្នាក់ ត្រូវបានចោទប្រកាន់ពីបទសម្លាប់ឆ្មាអនាថានៅក្នុងផ្ទះរបស់នាង ក្នុងខេត្ត Thon Buri ប្រទេសថៃ។ប្រភពបានឲ្យដឹងថា ឌីជេស្រីនោះមានឈ្មោះថា Wararat Krasae ហៅក្រៅ ឌីជេ សាន់ អាយុ៣០ឆ្នាំ។ នាងបាននាំយកឆ្មាអនាថាដែលរស់នៅតាមដងផ្លូវទៅផ្ទះរបស់នាង ដើម្បីថតវីដេអូសម្លាប់ពួកវា។ ក្រោយពីថតវីដេអូរួច នាងបានបង្ហោះទៅលើវេបសាយមួយជាថ្នូរដូរនឹងទឹកប្រាក់។
នាង Wararat Krasae នៅប៉ុស្ដិ៍ប៉ូលិស
នាង Wararat Krasae នៅប៉ុស្ដិ៍ប៉ូលិស
យោងតាមអ្នកស្រីម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) ជាម្ចាស់ផ្ទះចិញ្ចឹមសត្វអនាថា បានឲ្យដឹងថា ថ្ងៃមួយ នាង Wararat Krasae បានមកកន្លែងរបស់គាត់ដើម្បីទទួលចិញ្ចឹមឆ្មាចំនួន២៧ក្បាលយកទៅផ្ទះ។ ក្រោយមក រាល់ការទាក់ទងតាមទូរស័ព្ទជាមួយ នាង Wararat Krasae ត្រូវបានកាត់ផ្ដាច់។
ឆ្មាដែលនៅក្នុងផ្ទះនាង
នាង Wararat Krasae បានអះអាងថា ឆ្មាមួយចំនួន នាងបានបញ្ជូនទៅនៅជាមួយមិត្តភក្ដិរបស់នាង ដោយសារនាងមានអាការប្រតិកម្មជាមួយរោមឆ្មា។ ចំណែកមួយចំនួនទៀតត្រូវបានឆ្កែខាំងាប់អស់ហើយ។យ៉ាងណាមិញ នាងត្រូវបានចាប់ខ្លួន ក្រោយពីក្រុមអ្នកស្រលាញ់សត្វមួយក្រុមរាយការណ៍ទៅខាងប៉ូលិស៕