អាណាព្យាបាលកុមារជាច្រើន រិះគន់ ខឹងសម្បា ក្រោយសាលាមត្តេយ្យឲ្យកូនៗពួកគេស្លៀកពាក់ស៊ិចស៊ី ប៊ីនីគី រាំសម្ដែងលើឆាក (មានវីដេអូ)

ចិន៖ អាណាព្យាបាលកុមារជាច្រើន នៅក្នុងប្រទេសចិន ហាក់សម្ដែងការភ្ញាក់ផ្អើល និងរិះគន់ខឹងសម្បា ក្រោយសាលាមត្ដេយ្យមួយកន្លែង បានដឹកនាំកុមារៗជាច្រើន ឲ្យស្លៀកពាក់បែបស៊ិចស៊ីក្នុងឈុតប៊ីនីគី ដើម្បីរាំសម្ដែងនៅលើឆាកក្នុងព្រឹត្តិការណ៍មួយ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ បានរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃទីពុធ ទី២១ សីហា ឆ្នាំ២០១៩ កន្លងទៅនេះ អាណាព្យាបាល ឬឪពុកម្តាយកុមារៗជាច្រើន បានចូលរួមនៅក្នុងព្រឹត្តិការណ៍របស់សាលាមត្តេយ្យមួយ ក្នុងខេត្ត Henan ដែលធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញការបង្ហាញចេញនូវសមត្ថភាពរបស់កុមារតូចៗជាច្រើន ក៏ដូចជាកូនៗរបស់ពួកគេ ជុំវិញនឹងការស្លៀកពាក់មិនសមរម្យ។
កុមារៗស្លៀកពាក់ក្នុងឈុតប៊ីគីនី
ជាក់ស្តែង តាមរយៈវីដេអូឃ្លីបមួយ ដែលត្រូវបានគេថតបង្ហោះចែកចាយ នៅលើបណ្តាញសង្គម ជុំវិញនឹងព្រឹត្តិការណ៍នោះ បានបង្ហាញឲ្យឃើញ កុមារីជាច្រើនបានស្លៀកសម្លៀកបំពាក់យ៉ាងស្រស់ៗស្អាត ប៉ុន្តែខ្លះស្ថិតនៅក្នុងឈុតលក្ខណៈប៊ីគីនី ដើម្បីធ្វើការសម្ដែង រាំ និងដើរម៉ូតជាដើម។ សកម្មភាពមួយនេះ បានធ្វើឲ្យមហាជនជាច្រើនហាក់សម្ដែងការមិនពេញចិត្តជាខ្លាំង ចំពោះការរៀបចំរបស់សាលា ក៏ដូចជាការអនុញ្ញាតឲ្យកុមារ ឬកូនសិស្សតូចៗស្លៀកពាក់បែបនេះផងដែរ។ ព្រោះថាកុមារៗទាំងអស់នោះ ត្រូវបានដឹងថា នៅវ័យក្មេងអាយុទើបតែខ្ទង់ ១០អីតែប៉ុណ្ណោះ ដែលវាគឺពិតជាមិនទាន់នឹងស័ក្តិសមសម្រាប់ការដែលឲ្យពួកគេធ្វើបែបនេះនៅឡើយនោះទេ។ យ៉ាងណាមិញ ជុំវិញនឹងការរិះគន់នេះ គ្រូបង្រៀនប្រុសម្នាក់នៅសាលាមត្តេយ្យនោះ ក៏បានលើកឡើងដែរថា មហាជនជាច្រើនហាក់ប្រតិកម្មហួសប្រមាណខ្លាំងណាស់។ ព្រោះថាអ្វីដែលខាងសាលាធ្វើឡើងមកនេះ គឺវាគ្រាន់តែជាការសម្ដែងចេញមកធម្មតាប៉ុណ្ណោះ ដែលពុំមានអ្វីជ្រុលលើសលស់នោះឡើយ។ ការសម្ដែងនេះ គឺជាការលើកកម្ពស់កុមារនៅក្នុងសាលាប៉ុណ្ណោះ។ ហើយវាក៏ជាចំណែក នៃភាពទាក់ទាញសិស្សចំណូលថ្មីជាច្រើនទៀតរបស់សាលាផងដែរ។
កុមារៗសម្ដែង
គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី ការសម្ដែងបែបនេះក៏ត្រូវបានគេដឹងដែរថា អាចចាត់ទុកជារឿងធម្មតាមួយក្នុងប្រទេសចិន នាពេលបច្ចុប្បន្ន។ នេះក៏ដោយសារតែ សាលាភាគច្រើនបញ្ឈប់ការផ្សព្វផ្សាយប្រូម៉ូតពីខ្លួនឯង ដោយងាកមកធ្វើព្រឹត្តិការណ៍ដ៏ចាប់អារម្មណ៍បែបនេះវិញ ដោយសង្ឃឹមថា នឹងទទួលបានសិស្សថ្មីចុះឈ្មោះចូលរៀនបានច្រើន។ ប៉ុន្តែទន្ទឹមនឹងនោះ ក៏នៅតែមានមហាជន ក៏ដូចជាអាណាព្យាបាលកុមារជាច្រើន នៅតែសម្ដែងការមិនពេញ រិះគន់ ខឹងសម្បា ចំពោះសកម្មភាពបែបនេះផងដែរ៕ តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?ទស្សនាវីដេអូខាងក្រោម៖